ប៉ាគីស្ថានព្រមានថា ឥណ្ឌាទំនងជានឹងធ្វើសកម្មភាពយោធា ក្នុងរយៈពេល២៤-៣៦ម៉ោងខាងមុខ
ប្រភព៖ Reuters
អ៊ីស្លាម៉ាបាដ៖ ប៉ាគីស្ថានបាននិយាយថា ឥណ្ឌាមានបំណងគ្រោងធ្វើសកម្មភាពយោធា ក្នុងពេលឆាប់ៗនេះ ស្របពេលភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរ ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរដូចគ្នា នៅបន្តកើនឡើង ចាប់តាំងពីហេតុការណ៍វាយប្រហារដ៏ប្រល័យ របស់ក្រុមសកម្មប្រយុទ្ធលើអ្នកទេសចរណ៍ នៅនៅតំបន់ Kashmir។
នៅថ្ងៃពុធ ទី៣០
ខែមេសា ប៉ាគីស្ថានបាននិយាយថា យោងតាម មានព័ត៌មានស៊ើបការណ៍សម្ងាត់របស់ខ្លួន
ដែលជឿជាក់បានថា ឥណ្ឌាមានបំណងនឹងធ្វើសកម្មភាពយោធាប្រឆាំងលើខ្លួន
ក្នុងរយៈពេល២៤-៣៦ម៉ោង ខាងមុខនេះ ក្រោមលេសនៃការចោទប្រកាន់គ្មានមូលដ្ឋាន
និងត្រូវបានប្រឌិតឡើង អំពីការជាប់ពាក់ព័ន្ធរបស់ប៉ាគីស្ថាន ក្នុងឧប្បត្តិហេតុនៅ Pahalgam។ ទីក្រុងអ៊ីស្លាម៉ាបាដ ក៏បាននិយាយដែរថា
ខ្លួនថ្កោលទោសអំពើភេរវកម្មគ្រប់ទម្រង់ ហើយនឹងឆ្លើយតបដោយម៉ឺងម៉ាត់
ចំពោះសកម្មភាពយោធានានារបស់ឥណ្ឌា។
ការវាយប្រហារកាលពីថ្ងៃទី២២
ខែមេសា នៅក្រុង Pahalgam ក្នុងផ្នែកនៃតំបន់ Kashmir
ដែលគ្រប់គ្រងដោយឥណ្ឌា បានផ្តាច់ជីវិតមនុស្ស២៦នាក់។
ជនសកម្មប្រយុទ្ធ២នាក់ ក្នុងចំណោម៣នាក់ ត្រូវបានឥណ្ឌាកំណត់អត្តសញ្ញាណជា
ជនជាតិប៉ាគីស្ថាន។ ទីក្រុងអ៉ីស្លាម៉ាបាដ បានបដិសេធការជាប់ពាក់ព័ន្ធ
និងបានអំពាវនាវឱ្យមានការស៉ើបអង្កេតអព្យាក្រឹតមួយ។
កាលពីថ្ងៃអង្គារ
អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក Antonio Guterres បានសង្កត់ធ្ងន់អំពីភាពចាំបាច់ដើម្បីបញ្ចៀសការប្រឈមមុខ
ដែលអាចនាំទៅរកផលវិបាកអន្តរាយធ្ងន់ធ្ងរ ក្នុងកិច្ចសន្ទនាតាមទូរសព្ទដាច់ដោយឡែកពីគ្នា
ជាមួយប៉ាគីស្ថាននិងឥណ្ឌា។ រីឯសហរដ្ឋអាមេរិក ក៏បានទទូចឱ្យប្រទេសទាំងពីរ
កុំបន្តបង្កើនភាពតានតឹងឱ្យកាន់តែខ្លាំងផងដែរ។ ចាប់តាំងពីហេតុការណ៍ថ្ងៃទី២២ ខែមេសា
ប៉ាគីស្ថាននិងឥណ្ឌា បានចេញចំណាត់ការផ្សេងៗប្រឆាំងគ្នា
ហើយកងទ័ពនៅតាមបណ្តោយព្រំដែនភាគីទាំងពីរ បានបន្តបាញ់កាំភ្លើងទៅមកដាក់គ្នា៕
Post a Comment