ពលរដ្ឋអំពាវនាវដល់ក្រសួងពាក់ព័ន្ធពិនិត្យការធ្វើអាជីវកម្មជីកយកដីលក់នៅព្រែកតាពៅ ក្រុងបាវិត ខេត្តស្វាយរៀង

អត្ថបទ៖ ជឹម ទូច

ខេត្តស្វាយរៀង ៖ អាជីវករគ្រឿងចក្រខ្នាតធំដោយប្រើ"រថយន្តយីឌុប"បានលើកឡើងថា លោកឧត្ដមសេនីយ៍ត្រី ចាន់ រតនៈ(ហៅឌឿក)បានយក"ដីព្រែកតាពៅ"ដែលជាដីសាធារណៈរបស់រដ្ឋ ទំហំជាង៤០ហិកតា មកធ្វើអាជីវកម្មលក់អាចម៍ដីក្នុង១ថ្ងៃៗរាប់ពាន់ឡាន បានលុយរាប់ម៉ឺនដុល្លារ ដោយមហាជនសង្ស័យថាអត់មាន.ស.ជ.ណ.ធ្វើអនុបយោគ.ពោលគឺជ្រកក្រោមហេតុផល{គម្រោងស្ដារព្រែកនិងមានភ្លើងខៀវពីអាជ្ញាធរ}។

ប៉ុន្តែករណីនេះលោកឧត្ដមសេនីយ៍ត្រី ចាន់ រតនៈ បានទទួលស្គាល់ថា ខ្លួនពិតជាបានលក់អាចម៍ដីប្រាកដមែន.!។

ខណៈលោកអភិបាលក្រុងបាវិត ថ្លែងថា រឿងលុយកាក់ ដែលបានពីការលក់អាចម៍ដីនោះ គឺលោកពុំដឹងទេ!!។

សូមជម្រាបថាៈ"ដីព្រែកតាពៅ"ជាដីសាធារណៈរបស់រដ្ឋ ដែលមានទទឹងប្រមាណជា១០០ម៉ែត្រ និងកន្លែងខ្លះជាង២០០ម៉ែត្រ-បណ្ដោយជិត៤គីឡូម៉ែត្រ មានទីតាំងនៅខាងត្បូងផ្លូវជាតិលេខ១ ស្ថិតនៅភូមិបាវិតកណ្ដាល.ភូមិច្រកលាវ.និងភូមិតាពៅ.សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

អ្នករកស៊ីគ្រឿងចក្រ បានអះអាងថា ក្នុង១ថ្ងៃៗលោក"ឌឿក"អាចលក់អាចម៍ដី បានជាង១.០០០ឡានឯណោះ ហើយសកម្មភាពទាំងនេះ បានដំណើរការទៅអស់រយៈពេលជាង៤ខែមកហើយ!!។ ក្នុងនោះ រថយន្តបែនចំណុះ៥តោនលោក"ឌឿក"កំណត់យកលុយចំនួន៨.៥ដុល្លារ ក្នុង១ជើងជាកំហិត.!។

រថយន្តកង់១០ លោក"ឌឿក"កំណត់យកចំនួន១៥ដុល្លារក្នុង១ជើង និង(រថយន្តយីឌុប)លោក"ឌឿក"យកចំនួន២០ដុល្លារក្នុង១ជើងជាកំហិត.!។

អាជីវករបញ្ជាក់ថា ការបង់លុយក្នុងតម្លៃនេះ គឺពួកគាត់ចូលយកអាចម៍ដី"ព្រែកតាពៅ"ដោយប្រើ(SK)កាយដីខ្លួនឯង.ចាក់ប្រេងខ្លួនឯង.រកទីផ្សារចាក់ដីឡូត៍ដោយខ្លួនឯង..!។

ខណៈលោក"ឌឿក" ដាក់មេការកត់បុង និងរាប់ក្បាលឡានយកលុយ ដោយគ្មានការលើកលែង.សុំថ្លៃមិនចុះនោះឡើយ.!!។

-បើតាមអាជីវករគ្រឿងចក្រ សម្រាប់រថយន្ត(យីឌុប)ជាមធ្យមពួកគាត់ចាក់តាមដីឡូត៍ បានតម្លៃ៥៥ដុល្លារក្នុង១ឡាន.!។

លុះផាត់សោហ៊ុយ(SK)កាយដាក់ឡាន.ដឹកជញ្ជូន.ស្រោចទឹកឈូសឆាយ.ថែទាំផ្លូវ.សំអាតកន្លែងចាក់ដីឡូត៍.ថ្លៃប្រេង.កម្មករ.ពលកម្មតៃកុងគ្រឿងចក្រ.តៃកុងឡាន.និងបង់ឱ្យលោក"ឌឿក"ចំនួន២០ដុល្លារក្នុង១ឡានទៀត សឹងតែលែងចំណេញតែម្ដង..!។ រីឯរថយន្តកង់១០ ជាមធ្យមចាក់តាមដីឡូត៍ ក្នុងតម្លៃ៤០ដុល្លារក្នុង១ឡាន.ពេលទូទាត់ផាត់សោហ៊ុយ (SK)កាយដាក់ឡាន.ដឹកជញ្ជូន.ស្រោចទឹក.ឈូសឆាយ និងបង់ឱ្យលោក"ឌឿក" ចំនួន១៥ដុល្លារក្នុង១ឡានទៀត គឺយ៉ាប់កាន់តែខ្លាំង.!។

ចំណែករថយន្តចំណុះ៥តោន ជាមធ្យម ចាក់តាមបណ្ដាដីឡូត៍ក្នុងភូមិសាស្ត្រក្រុងបាវិត បានតម្លៃ២៥ដុល្លារក្នុង១ឡាន.!។ ក្នុងនោះ ផាត់សោហ៊ុយនិងចំណាយផ្សេងៗ និងបង់ឱ្យឈ្មោះ"ឌឿក" ចំនួន៨.៥ដុល្លារក្នុង១ឡានទៀត គឺពិបាករកប្រាក់ចំណេញមែនទែន.!។

ដើម្បីឱ្យមានចម្លើយទាំងសងខាងនៅថ្ងៃទី២៤.០៣.២០២៥ ក្រុមអ្នកសារព័ត៌មានបានសុំការបំភ្លឺពីលោកឧត្ដមសេនីយ៍ត្រី ចាន់ រតនៈ(ហៅឌឿក)ដោយលោកថ្លែងថា ការលក់អាចម៍ដីនោះ គឺដើម្បីយកប្រាក់មកទ្រទ្រង់គម្រោងជីកស្ដារ"ព្រែកតាពៅ"។ លោក"ឌឿក"បន្តថា អាចម៍ដីខ្លះយើងលក់.ខ្លះឱ្យគេ.និងខ្លះទៀតយកមកជួសជុលផ្លូវ ខណៈក្រុមហ៊ុនលោកទទួលបានគម្រោងជីកស្ដារ តែជាង៣គីឡូម៉ែត្រប៉ុណ្ណោះ។

លោក សាញ់ សាខុន ចៅសង្កាត់បាវិត បានថ្លែងថា រឿងបង់(សួយសារ)ឬអត់ គឺលោកពុំបានដឹងទេ ព្រោះជាគម្រោងរបស់ខេត្ត ក្នុងនោះលោកចៅសង្កាត់ ក៏បានរុញឱ្យទៅសួរលោកអភិបាលក្រុង។ រីឯលោក លឹម សៀងហេង អភិបាលក្រុងបាវិត បានថ្លែងថា រដ្ឋបាលខេត្តជាអ្នកប្រគល់សិទ្ធិឱ្យក្រុមហ៊ុនក្នុងការជីក"ដីព្រែកតាពៅ"ដើម្បីជាអាងស្តុកទឹកនៅក្រុងបាវិត។

ចំពោះសំនួរថា តើការលក់អាចម៍ដីនោះ យកលុយទៅណា? និងបានបង់សួយសារឬអត់..?។

ត្រង់ចំណុចនេះ លោកអភិបាលក្រុង បានឆ្លើយថា ខ្ញុំម៉េចដឹង ព្រោះជាការចាត់ចែងរបស់ក្រុមហ៊ុន ខណៈរដ្ឋបាលក្រុង ចាំទទួលតែគម្រោងដែលស្ដាររួចប៉ុណ្ណោះ។

ចំណែកលោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង មិនអាចសុំការបំភ្លឺបានទេ ដោយទូរស័ព្ទចូលហើយ គ្មានអ្នកទទួល.!។

លោក ប៉ុក តក ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តស្វាយរៀង បានថ្លែងថា ការជីកស្ដារ"ព្រែកតាពៅ"ជាគម្រោងរបស់ខេត្ត.!។ ចំពោះសំនួរ រឿងយកអាចម៍ដីមកធ្វើអាជីវកម្ម តើបានបង់សួយសារឬទេ..? លោកបានឆ្លើយថា(ខ្ញុំមិនដឹងទេ)នឹងរុញឱ្យទៅសួរខេត្តជំនួសវិញ..!។

ដើម្បីឱ្យកាន់តែច្បាស់ក្រុមអ្នកដារព័ត៌មាន ក៏បានសុំការបំភ្លឺពីលោក ម៉ែន អេង អភិបាលរងខេត្ត និងជាអ្នកនាំពាក្យបន្ថែមទៀត ដោយលោកថ្លែងថា ខ្ញុំរវល់ប្រជុំនិងឱ្យបញ្ជូនសំនួរតាមTelegram។

ទោះយ៉ាងណាពលរដ្ឋអំពាវនាវដល់ក្រសួងពាក់ព័ន្ធ មេត្តាជួយពិនិត្យមើលការធ្វើអាជីវកម្មជីកយកដីលក់នៅចំណុច"ព្រែកតាពៅ"ស្ថិតក្នុងភូមិបាវិតកណ្តាល, ភូមិច្រកលាវ និងភូមិតាពៅ ក្រុងបាវិត ខេត្តស្វាយរៀងនេះផង៕











Powered by Blogger.