សមត្ថកិច្ចស្រុកអូរគ្រៀងសែនជ័យ បង្ក្រាបទីតាំងស្តុកឈើសុក្រំជិត១០០កំណត់
អត្ថបទ៖ ជឹម ទូច
ខេត្តក្រចេះ ៖ កម្លាំងគណៈបញ្ជាការឯកភាពស្រុកអូរគ្រៀងសែនជ័យ ចុះបង្ក្រាបទីតាំងស្តុកឈើមួយកន្លែង រឹបអូសបានប្រភេទឈើស្រុក្រំជិត១០០កំណាត់ ។ ប្រតិបត្តិការនេះធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៥ ដឹកនាំដោយលោក ឈា ផល្លី អភិបាលស្រុកអូគ្រៀងសែនជ័យ នៅចំណុចភូមិរលួស ឃុំរលួសមានជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
ប្រភពព័ត៌មានបានឱ្យដឹងថា គំនរឈើទាំងនោះ ត្រូវបានក្រុមឈ្មួញដឹកចេញពីព្រៃក្នុងទឹកដីខេត្តមណ្ឌលគិរី ចូលមកភូមិរលួសសែនជ័យ ហើយគេយកអាច្រៀកចែកចាយលក់ទៅតាមរោងសិប្បកម្ម នៅក្នុងមូលដ្ឋាននោះ និងសម្រាប់កែច្នៃជាគ្រឿងសង្ហារឹម ហើយមួយចំនួនទៀតត្រូវបានដឹកជញ្ជូនតាមរថយន្តស៊េរីទំនើប យកទៅចែក ចាយបន្តទៀត។ ប៉ុន្តែដោយសារមួយ រយៈពេលនេះសមត្ថកិច្ចជំនាញមូលដ្ឋានបានចាត់វិធានការរឹតបណ្តឹង ចំពោះការដឹកជញ្ជូនផលអនុផលព្រៃឈើ ដោយខុសច្បាប់។
សមត្ថកិច្ចបានបញ្ជាក់ថា គំនរឈើទាំងនេះ មានប្រមាណជាង៨០ កំណាត់មិនមានជនណាម្នាក់ចេញមកអះអាងថាឈើជារបស់អ្នកណាឡើយ ដូច្នេះទើបសមត្ថកិច្ច ក៏បានរឹបអូសយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើរលួស ដើម្បីរងចាំកាវ៉ាស់វែង និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
Post a Comment