រដ្ឋមន្ត្រីការពារជាតិ អញ្ជើញសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធនៅទីបញ្ជាការកងវរសេនាតូច​លេខ៣៣៥​ តំបន់ប្រតិបត្តិការសឹករងកំពត យោធភូមិភាគទី៣

អត្ថបទ៖ ទ្រី ហៀន

ខេត្តកំពត៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងប្រតិភូអមដំណើរ ជាច្រើនរូប ក្នុងដំណើរអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ នៅទីបញ្ជាការ កងវរសេនាតូច​លេខ៣៣៥​ តំបន់ប្រតិបត្តិការសឹករងកំពត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់នាពេលខាងមុខនេះ។

ពិធីនេះរៀបចំឡើង នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី ហុក ចន្តា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពត។
នាយឧត្តមសេនីយ៍ ទៀ សីហា បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ផ្ញើជូន នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ ទាំងនេះសម្តេចធិបតី និង លោកជំទាវ តែងតែយកចិត្តទុកដាក់ចំពោះកងទ័ព និងគ្រួសារកងទ័ពដែលកំពុងឈរជើងបំពេញភារកិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី និងសន្តិសុខជូនប្រជាពលរដ្ឋនៃយើង ។
នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនដល់ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងតំបន់ប្រតិបត្តិការសឹករងកំពត យោធភូមិភាគទី៣ ទាំងអស់ សូមឲ្យទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន កម្លាំងខ្លាំងក្លា ប្រាជ្ញាវៀងវៃ ព្រមទាំងសម្រេចបាននូវជោគជ័យថ្មីៗថែមទៀត ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ៕


















Powered by Blogger.