អាមេរិក-រុស្ស៊ី បន្តចរចារគ្នាអំពីសង្គ្រាមអ៊ុយក្រែន ដោយផ្តោតលើបទឈប់បាញ់នៅសមុទ្រខ្មៅ
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ មន្ត្រីអាមេរិក និងរុស្ស៊ី នៅថ្ងៃចន្ទនេះ
បន្តចរចារគ្នាអំពីសង្គ្រាមអ៊ុយក្រែន នៅប្រទេសអារ៉ាប៊ីសាអូឌីត ដោយផ្តោតជាពិសេសលើកិច្ចព្រមព្រៀងឈប់បាញ់ដាច់ដោយឡែកមួយនៅសមុទ្រខ្មៅ។
ជំនួបនេះធ្វើឡើង ខណៈដែលប្រធានាធិបតីអាមេរិក
លោក ដូណាល់ ត្រាំ កំពុងបង្កើនការប្រឹងប្រែងបញ្ចប់ជម្លោះរយៈពេលបីឆ្នាំនេះ បន្ទាប់ពីលោកបាននិយាយទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន
និងរុស្ស៊ីកាលពីសប្តាហ៍មុន។
កិច្ចចរចារខាងលើនេះ
មានការចូលរួមពីតំណាងជាន់ខ្ពស់មកពីស្ថាប័នសំខាន់ៗរបស់ប្រទេសទាំងពីរ។
ភាគីអាមេរិករួមមានមន្ត្រីក្រុមប្រឹក្សាសន្តិសុខជាតិ និងក្រសួងការបរទេស
ចំណែកភាគីរុស្ស៊ីមានអ្នកការទូតជើងចាស់ និងមន្ត្រីសន្តិសុខជាន់ខ្ពស់។
សេតវិមានបានបញ្ជាក់ថា
គោលបំណងនៃកិច្ចពិភាក្សានេះគឺដើម្បីសម្រេចបានបទឈប់បាញ់ដែនសមុទ្រនៅសមុទ្រខ្មៅ
ដែលនឹងអនុញ្ញាតឱ្យមានលំហូរដឹកជញ្ជូនដោយសេរី ទោះបីជាតំបន់នេះមិនមែនជាចំណុចកណ្តាល
នៃប្រតិបត្តិការយោធាខ្លាំងក្លាក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះក៏ដោយ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី
ប៉េសកូវ បានថ្លែងថា «បញ្ហាចម្បងគឺសុវត្ថិភាពនៃការធ្វើនាវាចរណ៍»
ដោយកត់សម្គាល់ថា កិច្ចព្រមព្រៀងមុនស្តីពីការដឹកជញ្ជូនសមុទ្រខ្មៅ
ដែលត្រូវបានសម្របសម្រួលនៅឆ្នាំ២០២២ បានបរាជ័យក្នុងការផ្តល់នូវអ្វីដែលបានសន្យាជាមួយទីក្រុងម៉ូស្គូ។
ទោះបីមានសញ្ញាវិជ្ជមានខ្លះក្នុងការពិភាក្សាលើបញ្ហារសើបនានាក៏ដោយ
ក៏ជំហរខុសគ្នាខ្លាំងនៅតែមានដដែល ជាពិសេសទាក់ទងនឹងការទាមទាររបស់លោក
ពូទីន ឲ្យអ៊ុយក្រែនបោះបង់ចោលមហិច្ឆតាចូលណាតូ
និងដកទ័ពចេញពីតំបន់ដែលរុស្ស៊ីគ្រប់គ្រង៕
Post a Comment