យោធាអ៊ីស្រាអែល​ ប្រាប់ឱ្យអ្នកនៅភាគខាងត្បូងលីបង់​ បន្តការជម្លៀសចេញ

 ប្រភព៖ Reuters

បេរូត៖​ ​យោធាអ៊ីស្រាអែលបានបញ្ជាឱ្យប្រជាជនក្នុងភូមិចំនួន ២៣​ នៅភាគខាងត្បូងនៃប្រទេសលីបង់​ ជម្លៀសខ្លួនទៅកាន់តំបន់ភាគខាងជើងទន្លេ Awali ដែលហូរចេញពីជ្រលងភ្នំ Bekaa ភាគខាងលិច​ ចូលទៅសមុទ្រមេឌីទែរ៉ាណេ។

ការវាយប្រហាររបស់អ៊ីស្រាអែល​ គឺកាន់តែខ្លាំងឡើងនៅភាគខាងត្បូងលីបង់ ជ្រលង Bekaa និងជាយក្រុងបេរូត ភាគខាងត្បូង​ ដោយបើតាមរដ្ឋាភិបាលលីបង់​ មនុស្សប្រមាណ ១.២លាននាក់​ ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែង​របស់ពួកគេ​ ចាប់តាំងពីថ្ងៃទី២៣​ ខែកញ្ញាមក។

សេចក្តីថ្លែងការណ៍របស់យោធាអ៊ីស្រាអែល​ បានលើកអំពីភូមិនៅភាគខាងត្បូងលីបង់ ដែលជាគោលដៅនៃការវាយប្រហាររបស់ខ្លួន​ នាពេលថ្មីៗនេះ និងដែលភាគច្រើនស្ទើរតែគ្មានមនុស្ស​ ហើយថាការជម្លៀសខ្លួន​ គឺជារឿងសម្រាប់សុវត្ថិភាពរបស់អ្នកស្រុក។ យោធានិយាយថា​មានការកើនឡើងនូវសកម្មភាពរបស់ក្រុមហេសបូឡា​។ ក្រុមនេះកំពុងប្រើប្រាស់ទីតាំង​ដើម្បីលាក់អាវុធ និងបើកការវាយប្រហារមកលើអ៊ីស្រាអែល។ ប៉ុន្តែចលនាប្រដាប់អាវុធមួយនេះ បដិសេធ​លាក់​អាវុធ​ក្នុង​ចំណោម​ជន​ស៊ីវិល៕



 

Powered by Blogger.