ឯកឧត្តម ឆាយ ឫទ្ធិសែន ពិនិត្យស្ថានភាពផ្លូវ និងស្ពានទ្រុឌទ្រោម នៅស្រុកព្រះស្ដេច និងស្រុកស្វាយជ្រំ
អត្ថបទ៖ ក្រសួងអភិវឌ្ឍន៍ជនបទ
ខេត្តព្រៃវែង និងស្វាយរៀង ៖ នាព្រឹកថៃ្ងអាទិត្យ ១១កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមានការចូលរួមពីលោកអភិបាលស្រុកព្រះស្ដេច បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវមួយខ្សែ ប្រវែង ១,៦គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិក្រូច និងភូមិស្នាយព្រីម ឃុំនគររាជ ស្រុកព្រះស្ដេច ខេត្តព្រៃវែង តាមការស្នើសុំរបស់ប្រជាពលរដ្ឋនៅតំបន់នោះ ។
ឯកឧត្ដមរដ្ឋមន្រ្ដី បានណែនាំឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែងចុះធ្វើការសិក្សា និងពិនិត្យលទ្ធភាពដើម្បីដាក់បញ្ចូលទៅក្នុងគម្រោងរបស់ក្រសួង ដោយសាងសង់ជាផ្លូវក្រាលកៅស៊ូពីរជាន់ DBST ឬជាផ្លូវបេតុង។ បន្ទាប់មក ឯកឧត្ដមរដ្ឋមន្រ្ដី និងប្រតិភូអមដំណើរ បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវដែលសាងសង់ដោយសាច់ប្រាក់ពលកម្ម និងស្ពានឈើចំនួន ១កន្លែងមានប្រវែង ៣៦ម៉ែត្រ ទទឹង ៣,៥ម៉ែត្រ ស្ថិតនៅភូមិទួលវិហារ និងភូមិស្វាយយា ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
Post a Comment