កម្ពុជា មិនចូលរួមយន្តការណា ដែលមានចរិតនយោបាយ បង្កើតឡើងដើម្បីប្រកួតប្រជែង ប្រឆាំងប្រទេស ឬប្លុកណានោះទេ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងការធ្វើពាណិជ្ជកម្មពិភពលោក ជាពិសេសនៅក្នុងតំបន់អាស៊ាន គឺកម្ពុជា មិនចូលរួមជាមួយដាច់ខាត ចំពោះយន្តការណា ដែលមានចរិតនយោបាយ បង្កើតឡើងដើម្បីប្រកួតប្រជែង ឬប្រឆាំងជាមួយប្រទេសណា ឬប្លុកណានោះទេ ដែលនាំឱ្យប៉ះពាល់ដល់ នយោបាយអព្យាក្រឹត្យរបស់កម្ពុជា ។
ក្នុងព្រឹត្តិការណ៍អបអរសាទរខួប២០ឆ្នាំ
កម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក រៀបចំដោយក្រសួងពាណិជ្ជកម្ម
នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចធិបតី មានប្រសាសន៍ថា “ឥឡូវនេះ
វាមានយន្តការច្រើន ដែលបង្កើតជាពិសេសនៅក្នុងតំបន់របស់យើង ហើយជាពិសេសយន្តការខ្លះ
គឺមិនពាក់ព័ន្ធ ឬពាក់ព័ន្ធតិចតួចជាមួយសេដ្ឋកិច្ច ប៉ុន្តែមានចរិតលក្ខណៈជានយោបាយ
សន្តិសុខ ដែលអាចប៉ះពាល់ទៅដល់ នយោបាយអព្យាក្រឹត្យរបស់យើង” ។
ជាមួយគ្នានេះ សម្តេចធិបតី សង្កត់ធ្ងន់ថា
“សូមបញ្ជាក់ឱ្យច្បាស់ កម្ពុជា មិនចូលរួមជាមួយយន្តការណា ដែលមានចរិតនយោបាយ
បង្កើតឡើងដើម្បីប្រកួតប្រជែង ឬប្រឆាំងជាមួយប្រទេសណា ឬប្លុកណានោះទេ
នេះគោលនយោបាយរបស់កម្ពុជា កាលពីមុន ហើយយើងនៅបន្ត យើងចូលជាមួយប្លុក
យើងចូលជាមួយយន្តការ ដែលមានទិសដៅរួមក្នុងការបង្កើតឡើង ក្នុងការថែរក្សា
សុខដុមនីយកម្ម សុខសន្តិភាព វិបុលភាពនៅក្នុងតំបន់
ជំរុញការអភិវឌ្ឍន៍រួមគ្នានៅក្នុងតំបន់ ជាពិសេសសេដ្ឋកិច្ច
និងយន្តការដែលថែរក្សាសន្តិភាព នៅក្នុងតំបន់ ព្រោះកម្ពុជា ត្រូវការសន្តិភាព
សន្តិភាពផ្ទៃក្នុងប្រទេសត្រូវថែរក្សាឱ្យបាន
ប៉ុន្តែសន្តិភាពនៅក្នុងតំបន់ក៏ចាំបាច់ដែរ” ។
សម្តេចធិបតី បានលើកឡើងជាឧទាហរណ៍ស្រាប់ថា
គ្រាន់តែជម្លោះរវាងប្រទេសអ៊ុយក្រែន និងប្រទេសរុស្ស៊ី ក៏ដូចជាជម្លោះនៅមជ្ឈឹមបូព៌ា
បានធ្វើឱ្យទំនិញ ទាំងការនាំចេញរបស់កម្ពុជា និងការនាំចូល មានការឡើងថ្លៃ
ដែលជះឥទ្ធិពលបង្កជាផលលំបាក ដល់ការរស់នៅរបស់ពលរដ្ឋកម្ពុជាបាត់ទៅហើយ ។
ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត
បញ្ជាក់បន្ថែមថា “សម្រាប់កម្ពុជា ជាសមាជិកអង្គការសហប្រជាជាតិមួយ
ហើយជាសមាជិករបស់អាស៊ាន យើងចូលរួមយន្តការណា ដែលបានផ្តល់ផលប្រយោជន៍ក្នុងការថែរក្សា
មិនបង្កើតឡើងដើម្បីប្រឆាំងប្រទេសណា ឬប្លុកណា មិនប្រកួតប្រជែង តែជាសមាហរណកម្ម
ដើម្បីបំពេញឱ្យគ្នា ជាពិសេសជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា ថែរក្សាសន្តិភាព
ស្ថេរភាព”៕
Post a Comment