ហ្សេលេនស្គី ថាកងទ័ពកូរ៉េខាងជើង កំពុងជួយរុស្ស៉ី ប្រយុទ្ធនៅអ៊ុយក្រែន
ប្រភព៖ Reuters
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យ ទី១៣ ខែតុលា បាននិយាយថាទំនាក់ទំនងយោធាជាមួយប្រទេសជាដៃគូ ត្រូវតែមានការផ្លាស់ប្ដូរ ដោយសារតែកូរ៉េខាងជើងបានបញ្ជូនកងទ័ព រួមទាំងអាវុធទៅជួយដល់កងកម្លាំងរុស្ស៉ី នៅអ៊ុយក្រែន។
នៅក្នុងសុន្ទរកថាជាវីដេអូមួយ
លោក ហ្សេលេនស្គី បានបញ្ជាក់ដូច្នេះថា «យើងបានឃើញថាសម្ព័ន្ធភាពរវាងរុស្ស៉ី
និងរបបដូចជាកូរ៉េខាងជើង កាន់តែមានភាពរឹងមាំឡើង។
នេះមិនត្រឹមតែជាការបញ្ជូនអាវុធប៉ុណ្ណោះទេ
តែនេះគឺជាការបញ្ជូនមនុស្សពីកូរ៉េខាងជើងទៅជួយកងកម្លាំងរបស់ជនឈ្លានពាន។ ដូច្នេះ
នៅក្រោមលក្ខខណ្ឌ បែបនេះ ទំនាក់ទំនងរបស់យើងជាមួយប្រទេសជាដៃគូ ចាំបាច់ត្រូវតែមានការផ្លាស់ប្ដូរ
ខណៈនៅសមរភូមិកំពុងត្រូវការការគាំទ្របន្ថែម។ យើងត្រូវការអាវុធ
រយៈចម្ងាយឆ្ងាយបន្ថែមសម្រាប់អ៊ុយក្រែន
និងការផ្គត់ផ្គង់ស្ថិរឋេរបន្ថែមសម្រាប់កងកម្លាំងរបស់យើង ជាជាងអាវុធធម្មតា»។
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង
លោក Kim Yong-hyun កាលពីថ្ងៃអង្គារសប្ដាហ៍មុន
បាននិយាយថាវាមានលទ្ធភាពអាចទៅរួចថាកូរ៉េខាងជើង បានបញ្ជូនកងទ័ពទៅជួយរុស្ស៉ី
នៅក្នុងសង្រ្គាមអ៊ុយក្រែន
ហើយក៏អាចមានកងទ័ពកូរ៉េខាងជើងខ្លះត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ុយក្រែនលើទីតាំងដែល
គ្រប់គ្រងដោយកងទ័ពរុស្ស៉ី។ ប៉ុន្តែ វិមានក្រឹមឡាំងច្រានចោលការអះអាងនេះ
និងចាត់ទុកថាជាព័ត៌មានក្លែងក្លាយ៕
Post a Comment