យោធាអាមេរិក អះអាងពីការកម្ទេចដ្រូនសមុទ្រ ៣គ្រឿងរបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម

 ប្រភព៖ Reuters

វ៉ាស៊ីនតោន៖ ទីបញ្ជាការកណ្ដាលអាមេរិក ឬហៅកាត់ថា CENTCOM បានឱ្យដឹង ថាកងកម្លាំងអាមេរិក បានកម្ទេចដ្រូនសមុទ្រ ៣គ្រឿងរបស់ក្រុមហ៊ូទី ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក នៅតំបន់សមុទ្រក្រហម ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ។

បើតាម CENTCOM ក្រុមហ៊ូទី មានមូលដ្ឋានក្នុងប្រទេសយេម៉ែន ក៏បានបាញ់មីស៊ីលបាលិស្ទីគប្រឆាំងនាវាចំនួន៣គ្រាប់ ឆ្ពោះទៅកាន់ឈូងសមុទ្រ Aden ផងដែរ។ ប៉ុន្តែមិនមានសេចក្ដីរាយការណ៍ពីអ្នករងរបួស ឬក៏ការខូចខាតធំដុំអ្វីនោះទេ។

គួរបញ្ជាក់ថា ក្រុមហ៊ូទី បានបើកការវាយប្រហារលើកប៉ាល់ដឹកទំនិញ និងជួនកាលវាយប្រហារលើនាវាចម្បាំងអាមេរិកនៅក្នុងតំបន់សមុទ្រក្រហម តាំងតែពីខែវិច្ឆិកា ឆ្នាំ២០២៣ មកម្ល៉េះ ជាសកម្មភាពមួយដែលពួកគេអះអាងថាជាការបង្ហាញសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សា ជាទីដែលអ៊ីស្រាអែលកំពុងធ្វើសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស។

នៅក្នុងការវាយប្រហារច្រើនជាង ៧០លើក ក្រុមហ៊ូទីបានបាញ់ពន្លិចកប៉ាល់ដឹកទំនិញ ២គ្រឿង រឹបអូសកប៉ាល់មួយគ្រឿង ព្រមទាំងសម្លាប់បុគ្គលិកធ្វើការនៅលើកប៉ាល់ដឹកទំនិញ ៣នាក់។ ព្រមពេលជាមួយគ្នា នាវាចម្បាំងអាមេរិកក៏បានបាញ់កម្ទេចមីស៊ីល និងដ្រូនមួយភាគធំរបស់ក្រុមហ៊ូទីដោយជោគជ័យផងដែរ និងដឹកនាំការវាយប្រហារតាមផ្លូវអាកាសម្ដងហើយម្ដងទៀត លើគោលដៅយោធារបស់ក្រុមហ៊ូទីក្នុងទឹកដីយេម៉ែន៕



 

Powered by Blogger.