ក្លិនស្អុយជ័រកៅស៊ូកំពុងជះចូលសាលារៀន និងគ្រប់ដណ្ដប់ប្រជាពលរដ្ឋជាង១០០គ្រួសារនៅសង្កាត់យក្សឡោម
អត្ថបទ៖ ជឹម ទូច
ខេត្តរតនគិរី៖ ក្លិនស្អុយជ័រកៅស៊ូ ដែលឈ្មួញបានស្ដុបទុកពេលនេះកំពុងជះក្លិនស្អុយសាយភាយចូលសាលារៀននិងគ្រប់ដណ្ដប់ទៅលើប្រជាពលរដ្ឋជាង១០០គ្រួសារ ដែលរស់នៅជុំវិញនិងជិតទីតាំងឃ្លាំងជ័រកៅស៊ូនោះ។
ឃ្លាំងស្ដុបជ័រកៅស៊ូស្អុយនោះ
មានទីតាំងស្ថិតនៅភូមិសិល្ប៍ សង្កាត់យក្សឡោម ក្រុងបានលុងខេត្តរតនគិរី
ដែលមានម្ចាស់ឃ្លាំង ឈ្មោះយាយ ហាយ ជនជាតិវៀតណាម
គាត់បានមកជួលដីឡូត៍នោះ កាលពីចន្លោះឆ្នាំ២០២០ដើម្បីរកសុី ប្រមូលទិញជ័រកៅស៊ូ ជ័រកក
ពីអ្នកចម្ការនានា យកមកស្ដុបទុក លុះបានច្រើនតោន ទើបយករថយន្ដធុនធំ
ដឹកបន្ដទៅលក់ឲ្យវៀតណាម តាមច្រកវ៉ាលឺ ស្រុកស្នួលខេត្ដក្រចេះ។
លោក សា រុណ នាយកសាបឋមសិក្សា ហ៊ុនសែនយក្សឡោម
បានប្រាប់ឲ្យដឹងថាក្លិនស្អុយដែលជះចេញ ពីឃ្លាំងជ័រកៅស៊ូនោះ បានសាយភាយចូលសាលាស្ទើរគ្រប់ពេល
ខណៈកូនសិស្សកំពុងអង្គុយរៀនសូត្ររាល់ថ្ងៃនោះ។
លោកនាយក សាលាបានបញ្ជាក់ថាដោយខ្លាចប៉ះពាល់ដល់ផ្លូវដង្ហើមសិស្សជាង៤០០នាក់
និងគ្រូផងនោះ កន្លងមកលោកបានរាយការណ៍ទៅ ចៅសង្កាត់យក្សឡោម ដើម្បី
ឲ្យជួយមានវិធានការទប់ស្កាត់។
ប៉ុន្ដែកាត់បន្ថយក្លិនបានតែមួយរយ:ពេលខ្លីតែប៉ុណ្ណោះទេ។
លោកស្រីផង់ ក្ដិបចៅសង្កាត់យក្សឡោម
បានប្រាប់ឲ្យដឹងតាមប្រពន្ធទូរស័ព្ទនៅល្ងាចថ្ងៃទី ២៤ខែមិថុនាឆ្នាំ២០២៤ថាបញ្ហាជ័រស្អុយនៅឃ្លាំងទីតាំងខាងលើ
កន្លងមក មានប្រជាពលរដ្ឋបានប្ដឹងផ្ទាល់មាត់ដែរកាលណោះ កម្លាំងចម្រុះ បានចុះទៅធ្វើកា
អប់រំណែនាំម្ចាស់ឃ្លាំង ឲ្យគាត់ធ្វើអនាម័យសម្អាតកន្លែងឲ្យបានល្អ
ជាប្រចាំនិងកុំឲ្យស្តុបជ័រទុកយូរពេក នាំឲ្យមានក្លិនស្អុយ ចេញមកក្រៅ
នាំឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋក៏ដូច សិស្សសាលាដែលរៀននៅជិតទីនោះ ដែរ។
លោកធូ ឃឿ អភិបាលក្រុងបានលុងបានបញ្ជាក់ប្រាប់ឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមថាករណីក្លិនស្អុយចេញពីជ័រកៅស៊ូនៅឃ្លាំងដូចខាងលើនោះលោក
ពុំទាន់បានដឹងទេ តែចាំមើលលោកចាត់កម្លាំងឲ្យចុះទៅពិនិត្យមើលសិន។
ចំណែកលោក ផុន ខេមរិន្ទ
ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី បានប្រាប់ឲ្យដឹងតាមទូរស័ព្ទដែរថារឿងក្លិនស្អុយបំពុលបរិស្ថាន
ចេញពីទីតាំងខាងលើនោះ កន្លងមកលោកធ្លាប់ទទួលបានពាក្យបណ្ដឹង ពីប្រជាពលរដ្ឋ
ដែលរស់នៅជុំវិញ ក្បែខាងនោះដែរ ហើយកាលណោះកម្លាំងលោក បានចុះទៅពិនិត្យនិងធ្វើកាអប់រំគាត់រួចជាច្រើនដងមកហើយដែរ។
តែពេលនេះបើមានក្លិនស្អុយចេញពីជ័រទៀត
ចាំព្រឹកស្អែកលោកនឹងឱ្យកម្លាំងចុះទៅត្រួតពិនិត្យមើលម្ដងទៀត។
គួរកត់សម្គាល់ដែរថាក្រោយពីយាយ ហាយបានទៅជួលទីតាំងដីស្ថិតនៅចំណុច ខាងលើ ធ្វើជាកន្លែងស្តុបជ័រកៅស៊ូ ក្រោយមកទឹកជ័រស្អុយបានហូរចេញពាសវាលពាសកាល ធ្លាយមកដល់ផ្លូវជាតិលេខ 78 Aដែលនៅខាងមុខនោះ មិនតែប៉ុណ្ណោះ ពេលឡានដឹកជ័រកៅស៊ូចេញទៅកាន់ទីផ្សារ យាយហាយ មិនបានវិចខ្ចប់ឲ្យបានត្រឹមត្រូវទេ ធ្វើឲ្យបង្ហៀរទឹកស្អុយហូរស្រោចតាមដងផ្លូវបណ្ដាលឲ្យលប់គំនូសចរាចរណ៍និងលប់ភ្នែកត្រី ព្រមទាំងជះក្លិនស្អុយពេញទីក្រុងបានលុង ធ្វើឲ្យខូចសោភណ្ឌភាពក្រុងទេសចរណ៍ ចំណែកសមត្ថកិច្ចពាក់ព័ន្ធនៅមិនទាន់បានចាត់វិធានការឲ្យបានមុឺងម៉ាត់នៅឡើយទេ៕
Post a Comment