៦ខែដើមឆ្នាំនេះ ខេត្តកែបប្រមូលផលនេសាទបាន២,៧០០តោន តែអ្នកនេសាទថាឆ្នាំនេះរកបានតិចហើយកាន់តែថយចុះទៅ

 អត្ថបទ៖ ទ្រី ហៀន 

ខេត្តកែប៖ មន្រ្តីជំនាញខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ យើងប្រមូលផលនេសាទបានប្រមាណ២,៧០០តោន ក្នុងនោះផលនេសាទទឹកសាបចំនួន ៦០តោន សរុប២,៦៤០តោនហើយទិន្នផលនៅតែកើនតែក្នុងចំនួនតិច។ យ៉ាងណាអ្នកនេសាទនៅខេត្តកែបត្អូញត្អែថា ផលនេសាទឆ្នាំនេះរកមិនសូវបាន ហើយកាន់តែថយចុះទៅៗ។

ប្រជានេសាទខេត្តកែប បានបង្ហាញក្តីកង្វល់លើបញ្ហាប្រឈមចំនួន៣ពាក់ព័ន្ធការនេសាទនេះ ទី១នេសាទមិនសូវបាន ទី២ ទីផ្សារឡើងចុះតាមមាត់ឈ្មួញ និងទី៣ ការប្រើអួនឆក់ និងអួនអូសរនាស់របស់អ្នកនេសាទវៀតណាមលួចចូលមកដែនទឹករបស់ខ្មែរ។ តែយ៉ាងណា មន្ត្រីជំនាញបានបញ្ជាក់ថា បញ្ហារបស់ប្រជានេសាទត្រូវបានអាជ្ញធរខេត្ត និងជំនាញយកចិត្តទុកដាក់ ហើយបាននឹងកំពុងដោះស្រាយឲ្យកាន់តែប្រសើរហើយដែរ។ 

លោក ខេង ជាប្រជានេសាទរស់នៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បានបង្ហាញបញ្ហាប្រឈមរបស់ខ្លួនថា  ពួកគាត់ប្រកបរបរនេសាទច្រើនឆ្នាំមកហើយ ពីមួយឆ្នាំ ទៅមួយឆ្នាំធនធានសមុទ្រកាន់ហិនហោច  ហើយការនេសាទ ថ្ងៃខ្លះបាន ថ្ងៃខ្លះអត់ ប៉ុន្តែរដូវវស្សាការនេសាទបានច្រើនជាងរដូវប្រាំងបន្តិច។ ពួកគាត់បញ្ជា់ក់ថា ការថមថយផលនេសាទនេះ ដោយសារកត្តាអភិវឌ្ឍន៍តំបន់ឆ្នេរ និងការប្រើឧបករណ៍ខុសច្បាប់ដូចជាអួនឆក់ និងអួនអូសរនាស់របស់ប្រជានេសាទវៀតណាម ដែលលួចចូលមកក្នុងដែនទឹករបស់ខ្មែរបំផ្លាញ់ដល់រុក្ខជាតិ និងសត្វនៅបាតសមុទ្រទាំងធំឲ្យផុតពូជ។ ដោយឡែកចំពោះបញ្ហាទីផ្សារគ្រឿងសមុទ្រក៏មិនសូវល្អដែរ។

លោក ភឺន ផល្លា នាយរងខណ្ឌរដ្ឋបាលជលផលខេត្តកែប បានប្រាប់ឲ្យដឹងថា ខេត្តកែបមានសហគមន៍នេសាទចំនួន៥   និងមានទូកនេសាទចំនួន ៥៩៤ទូក ផលនេសាទខេត្តកែបមានការកើនឡើងបន្តិចបន្តួចរាល់ឆ្នាំ ។ សម្រាប់ឆមាសទី១ ឆ្នាំ២០២៤ ផលនេសាទមានចំនួន ២,៧០០តោន ក្នុងនោះផលនេសាទទឹកសាបចំនួន ៦០តោន។ ហើយចំពោះបញ្ហាដែលប្រជានេសាទលើកឡើងខាងលើ មន្ត្រីជំនាញជលផលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងបំណងដើម្បីរក្សានិរន្តរភាព នៃផលនេសាទរបស់ខេត្តកែប។

បើតាមការបញ្ជាក់របស់មន្ត្រីជំនាញថា វិស័យកសិកម្ម ក្នុងនោះការងារនេសាទ គឺជាវិស័យស្នូលសំខាន់ទី២របស់ខេត្តកែប បន្ទាប់ពីវិស័យទេសចរណ៍ ហើយរដ្ឋបាលខេត្តកែប ក៏ដូចជាមន្ទីរជំនាញ បាននិងកំពុងយកចិត្តទុកដាក់ និងលើកទឹកចិត្តឲ្យពលរដ្ឋ ក៏ដូចប្រជានេសាទទាំងអស់ ឲ្យងាកមកធ្វើវារីវប្បកម្មឲ្យបានច្រើន  ព្រោះតម្រូវការគ្រឿងសមុទ្រកាន់តែកើនឡើង  បើពឹងតែលើធនធានធម្មជាតិ មិនអាចផ្គត់ផ្គង់តម្រូវការគ្រប់គ្រាន់នោះទេ ពិសេសការត្រូវរៀនកែច្នៃគ្រឿងសមុទ្រផងដែរ ដើម្បីលក់បានតម្លៃខ្ពស់៕














Powered by Blogger.