គណបក្សប្រជាជនកម្ពុជា ប្រឆាំងដាច់ខាតនូវរាល់សកម្មភាពណា ដែលធ្វើឱ្យសាមគ្គីភាពត្រូវចុះខ្សោយ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងក្នុងពិធីមីទ្ទីងរំឭកខួបទី ៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០២៤)នាព្រឹកថ្ងៃទី២៨ ខែមិថុនា ថា"គណបក្សប្រជាជនកម្ពុជាបន្តជ្រោងខ្ពស់ទង់មហាសាមគ្គីជាតិក្រោមដំបូលរដ្ឋធម្ម-នុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ប្រឆាំងដាច់ខាតនូវរាល់សកម្មភាពណាដែលធ្វើឱ្យសាមគ្គីភាពត្រូវចុះខ្សោយ"។

សម្ដេចតេជោបន្តថា ការបែកបាក់ជាតិពីអតីតកាលបានផ្ដល់ឱ្យយើងនូវមេរៀនដ៏ឈឺចាប់បំផុត ដែលយើងត្រូវតែចងចាំជានិច្ច មិនត្រូវឱ្យស្ថានភាពដ៏អាក្រក់នេះអាចកើតមានជាថ្មីបានឡើយ។ ម្យ៉ាងទៀត ក៏ត្រូវឃើញច្បាស់អំពីចំណងទាក់ទងស្អិត​រមួតរវាងសាមគ្គីភាពជាតិទាំងមូល និងសាមគ្គីភាពឯកភាពផ្ទៃក្នុងគណបក្ស ដែលក្នុងនោះសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្ស​គឺជាស្នូល។ អាស្រ័យហេតុនេះ អង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ មន្ត្រីសមាជិកគណបក្សគ្រប់រូប ត្រូវខិតខំថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឱ្យរឹងមាំជានិច្ច ផ្អែកលើមូលដ្ឋានកម្មវិធីនយោបាយ លក្ខន្តិកៈ គោលការណ៍ គោលនយោបាយនានា​របស់គណបក្ស។

សម្ដេចតេជោថាបន្ថែមថា ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជាអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងបណ្ដាគណបក្សនយោបាយ ដែលគណបក្សប្រជាជនកម្ពុជាបានធ្វើរួមជាមួយគណបក្សចំនួន ២៧ទៀត កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៣ ព្រមទាំងពង្រឹងនូវទំនាក់ទំនងដ៏ល្អជាមួយបណ្ដាអង្គការនានានៃសង្គមស៊ីវិល និងមជ្ឈដ្ឋានជឿនលឿនទាំងអស់ក្នុងសង្គម តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដើម្បីពង្រឹងសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម៕



 

Powered by Blogger.