ក្រុមប្រឹក្សាខេត្តព្រះសីហនុ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅស្រុកស្ទឹងហាវ
អត្ថបទ៖ ទឹង សុភាព
ខេត្តព្រះសីហនុ៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ឆ្នាំ២០២៦ ដែលបានរៀបចំឡើងនៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ពិធីនេះក្រោមការអញ្ជើញជាគណៈធិបតីពីឯកឧត្តម កែវ ឡាយ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក សុខ ភា អភិបាលរង នៃគណៈអភិបាល ខេត្តព្រះសីហនុ ដោយក្នុងនោះក៏មានការចូលរួមផងដែរពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត សមាជិកក្រុមប្រឹក្សាស្រុក-ឃុំ ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ហើយពិធីនេះរៀបចំឡើងនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។
ឯកឧត្តម កែវ ឡាយ
សមាជិកក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា ការរៀបចំវេទិកានេះ
គឺអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
និងតាមអនុក្រឹត្យលេខ ២១៦ អ.ន.ក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីតួនាទី
និងភារកិច្ចរបស់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់
ក្នុងការបើកវេទិកាពិគ្រោះយោបល់នេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ
ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋលើកឡើងនូវបញ្ហាប្រឈម សំណួរ
និងសំណូមពរនានានៅក្នុងមូលដ្ឋានរបស់ខ្លួន សម្រាប់ធ្វើការពិនិត្យ ដោះស្រាយ
និងឆ្លើយតបបានទាន់ពេលវេលា ក៏ដូចជាការបង្កើតនូវវប្បធម៌ នៃការពិភាក្សា
និងលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
ហើយជាមួយគ្នានោះដែរឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត បានបន្ថែមថា
ក្នុងវេទិកាពិគ្រោះយោបល់កាលពីឆ្នាំ២០២៥ មានសំណើ សំណូមពរ ពីប្រជាពលរដ្ឋចំនួន ២២នាក់
ស្មើនឹង ៣០ករណី ក្នុងនោះដោះស្រាយបានជោគជ័យចំនួន ១៨ករណី ចំណែកឯនៅសល់ចំនួន ១២ករណីទៀត
បាននិងកំពុងអនុវត្ត
ហើយសម្រាប់វេទិកាផ្សព្វផ្សាយពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤
ឆ្នាំ២០២៦ មានប្រជាពលរដ្ឋឡើងលើកជាសំណើ និងសំណូមពរផ្ទាល់មាត់ចំនួន ៥នាក់ ស្មើនឹង
៦ករណី និងទទួលបានតាមរយៈប្រអប់សំបុត្រចំនួន ៨សំបុត្រ ស្មើនឹង ១០ករណី
ហើយចំពោះបញ្ហាពាក់ព័ន្ធដូចជាទី១.ស្នើសុំបើកផ្លូវ ១ករណី ទី២.ស្នើសុំធ្វើផ្លូវ ១ករណី
ទី៣.ស្នើសុំជួសជុលធ្វើផ្លូវ ១ករណី ទី៤.ស្នើសុំធ្វើស្ពាន ១ករណី ទី៥.ស្មើសុំគម្របលូ ១ករណីនិងទី៦.ស្នើសុំដោះស្រាយសំណងការបំពុលត្រីស្ពង់ងាប់កាលពីថ្ងៃទី២៧
ខែមិថុនា ឆ្នាំ២០២៦ចំនួន ១ករណី ក្នុងនោះសំណើសំណូមពរតាមប្រអប់សំបុត្រ មានដូចជាទី
១.សុំអំពូលសូឡា ១ករណី ទី២.សុំធ្វើផ្លូវ ២ខ្សែ ១ករណី ទី៣.ស្នើសុំជួសជុលផ្លូវ ១ករណី
ទី៤.សុំធ្វើស្ពាន ១ករណី ទី៥.ស្នើសុំចុះបញ្ជីដីធ្លី ២ករណី
ទី៦.ស្នើសុំបង់លេខតាមផ្លូវនីមួយៗ
១ករណីនិងទី៧.ស្នើសុំដោះស្រាយសំណងការបំពុលត្រីស្ពង់ងាប់កាលពីថ្ងៃទី២៧ ខែមិថុនា
ឆ្នាំ២០២៦ចំនួន ៣ករណី។
នៅក្នុងឱកាសនោះលោក
សុខ ភា អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា សម្រាប់វេទិកាផ្សព្វផ្សាយ
និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ឆ្នាំ២០២៦
នៅក្នុងស្រុកស្ទឹងហាវនាពេលនេះ មានប្រជាពលរដ្ឋសរុប ៥នាក់ ដែលបានលើកឡើងនូវសំណើ
និងសំណូមពរ ភាគច្រើនពាក់ព័ន្ធនឹងបញ្ហាផ្លូវថ្នល់
និងស្នើសុំដោះស្រាយសំណងការបំពុលត្រីស្ពង់ងាប់ ហើយរាល់សំណើ និងសំណូមពរទាំងអស់នេះ
រដ្ឋបាលខេត្តនឹងរួមគ្នាដោះស្រាយ
ដើម្បីបំពេញតម្រូវការនឹងលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន
លោកអភិបាលរងខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តាអធ្យាស្រ័យផងដែរ
ព្រោះរាល់សំណើរនិងសំណូមពរ ចាំបាច់ត្រូវប្រើប្រាស់កញ្ចប់ថវិកាជាតិ
ដូច្នេះយើងត្រូវជ្រើសរើសគម្រោងអាទិភាព
ដើម្បីដោះស្រាយជាជំហានៗក្នុងការអភិវឌ្ឍន៍ស្រុក.ខេត្តរបស់យើងឱ្យមានការរីកចម្រើននៅក្នុងមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋយើង។
លោក សុខ ភា អភិបាលរងខេត្ត បានបន្តថា រាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាភារកិច្ចរបស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តត្រូវយកចិត្តទុកដាក់ដោះស្រាយ ប៉ុន្តែដោយសារថវិការបស់យើងមានកម្រិត ទើបការដោះស្រាយត្រូវធ្វើឡើងតាមលំដាប់អាទិភាព ហើយជាមួយគ្នានោះដែរចំពោះបងប្អូនប្រជាពលរដ្ឋលោក អភិបាលរងខេត្ត ក៏បានធ្វើការណែនាំដល់មន្ទីរពាក់ព័ន្ធ ត្រូវពន្លឿនការដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ហើយក្នុងនោះដោយក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ (ផ្តោតលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) ចំពោះរាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងពង្រីកសេវាអប់រំឱ្យនៅជិតប្រជាពលរដ្ឋ ដូច្នេះអាណាព្យាបាលត្រូវខិតខំបញ្ជូនកូនចៅទៅសាលារៀនឱ្យបានគ្រប់ៗគ្នា។
គួរបញ្ជាក់ផងដែរថា នៅវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ឆ្នាំ២០២៦ នាព្រឹកថ្ងៃ២០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ អ្វីដែលគួរឲ្យកត់សម្គាល់ គឺការសំណូមពររបស់ប្រជាពលរដ្ឋរស់នៅក្នុង ភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ពាក់ព័ន្ធការសាងសង់ផ្លូវរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលកំពង់ដំណើរការសាងសង់ តែបែរជាត្រូវរាំងស្ទះដោយ ក្រុមហ៊ុនលោកឧកញ៉ា ជាម ផែន ទៅវិញ ដោយមិនដឹងថា ការរារាំងបែប នេះមិនដឹងថា លោកឧកញ៉ាសំអាងលើមូលហេតុអ្វីនោះទេ។ ទង្វើនេះផ្ទុយពីកាលើកឡើងរបស់មន្រ្តីអភិវឌ្ឍន៍ជនបទ ក៏ដូចជាមន្រ្តីសុរិយោដី ដែលបានលើកឡើងថា ផ្លូវនេះមុនចាំផ្តើមសាងសង់ ជំនាញបាន សិក្សានិងបានដាក់ការស្នើសុំសេចក្តីសម្រេចពីថ្នាក់ដឹកនាំខេត្ត និងក្រសួងពាក់ព័ន្ធរួចរាល់អស់ហើយ ។ តែទោះជាយ៉ាងណាក៏ដោយ សម្រាប់ជំហរលោក សៅ បូរីវឌ្ឍនៈ អភិបាលស្រុកស្ទឹងហាវ បានបញ្ជាក់ថា ផ្លូវមួយខ្សែដែលសាងសង់តភ្ជាប់ពីផ្លូវចាក់កៅស៊ូ សម្តេចតេជោ ហ៊ុន សែន កែវផុស តភ្ជាប់ទៅកាន់តំបន់ឆ្នេរ និងតភ្ជាប់ទៅសាលាររៀន ចំការខ្នុរមានប្រវែងប្រមាណជាង៧គីឡូម៉ែត្រ និង២១៥០ម៉ែត្រ គឺជាផ្លូវចាស់ដែល លោកឧកញ៉ា ម៉ុង ឬទ្ធី បានឈូសឆាយតាំងឆ្នាំ២០០២ មកម្ល៉េះសម្រាប់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ ជាប្រចាំ ដូចនេះ លោកឧកញ៉ា ជាម ផែន មិនអាចហាមឃាត់បានទេ ហើយលោកអភិបាលស្រុកបានបញ្ជាក់បន្ថែមទៀតថា សំរាប់រូបលោកមិនអាចតតាំងនឹងលោកឧកញ៉ាបានទេ មានតែឯកឧត្តម ម៉ាង សុីណេត អភិបាលខេត្តព្រះសីហនុ និងឯកឧត្តមឧបនាយករដ្ឋមន្រី្ត សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងដែនដីទេ ដែលអាចសំរេចនូវបញ្ហានេះបាន៕









Post a Comment