AOT ចុះពិនិត្យព្រំដែន នៅតំបន់យោធាថៃ ពង្រាយរថក្រោះ២គ្រឿង មានចម្ងាយ២៥០ម៉ែត្រពីភូមិជោគជ័យ
ភ្នំពេញ ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន ប្រចាំកម្ពុជា (AOT-KH) នៅព្រឹកថ្ងៃ៣ វិច្ឆិកាបានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាព តាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ដែលយោធាថៃ បានដាក់ពង្រាយរថក្រោះចំនួន២គ្រឿង ដែលមានចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងដែលក្រុមសង្កេតការណ៍អាស៊ានឈរសង្កេតការណ៍ នៅចំណុចតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក យោធាថៃបាននឹងកំពុងបន្តធ្វើសកម្មភាពដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ការបង្កការភ័យខ្លាច និងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់នៅតំបន់ភូមិជោគជ័យ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន ៣៩៥១នាក់ ស្មើនឹង ១០៤៥គ្រួសារ (ក្នុងនោះមានកុមារចំនួន ១១៥៥នាក់) មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។សូមបញ្ជាក់ផងដែរថា ការចុះសង្កេតការណ៍ ការពិនិត្យ និងការផ្ទៀងផ្ទាត់ដោយផ្ទាល់ របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ដល់ទីតាំងជាក់ស្តែង ពិតជាផ្តល់ឱកាសឱ្យគណៈប្រតិភូ បានឃើញដោយផ្ទាល់នូវផលប៉ះពាល់មនុស្សធម៌ ដែលប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅតែបន្តប្រឈម និងមើលឃើញយ៉ាងច្បាស់ ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀង ដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបួនរបស់សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែន ទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជា អាចវិលត្រលប់ទៅលំនៅដ្ឋានវិញ ដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស៕










Post a Comment