មន្ទីរកសិកម្ម ខេត្តកំពត រៀបចំពិធីសំណេះ សំណាល និងជូនអំណោយលើកទឹកចិត្តដល់មន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

អត្ថបទ៖ ទ្រី ហៀន

​ខេត្តកំពត៖ នៅព្រឹកថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ ចំណុះឱ្យមន្ទីរកសិកម្មខេត្ត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ និងបិណ្ឌធំ ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ។

​ក្នុងពិធីសំណេះសំណាល ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅនេះ លោក ចាន់ រិទ្ធិ បានពាំនាំនូវការសួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ លោក រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំង ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកំពត ជូនដល់មន្ត្រីរាជការទាំងអស់។ ជាមួយគ្នានេះ លោកប្រធានមន្ទីរ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ស្មារតីទទួលខុសត្រូវខ្ពស់ និងកិច្ចសហការយ៉ាងល្អប្រសើររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ផ្នែក ក្នុងការអនុវត្តភារកិច្ច បម្រើផលប្រយោជន៍ជូនប្រជាកសិករ និងការអភិវឌ្ឍវិស័យកសិកម្មក្នុងខេត្តកំពត ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់នាពេលកន្លងមក។

​ទន្ទឹមនឹងនេះ លោកប្រធានមន្ទីរ ក៏បានណែនាំ និងផ្តាំផ្ញើដល់មន្ត្រីរាជការទាំងអស់ឱ្យបន្តពង្រឹងសមត្ថភាព ការទទួលខុសត្រូវលើការងារជំនាញ និងត្រូវត្រៀមលក្ខណៈជានិច្ចក្នុងការចុះជួយអន្តរាគមន៍ ផ្តល់បច្ចេកទេស ដល់បងប្អូនប្រជាកសិករឱ្យបានទាន់ពេលវេលា ជាពិសេសក្នុងរដូវបង្កបង្កើនផល និងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។ លើសពីនេះ លោកបានរំលឹកដល់មន្ត្រីទាំងអស់ឱ្យយកចិត្តទុកដាក់លើសុវត្ថិភាពក្នុងការធ្វើដំណើរ ក្នុងកំឡុងពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យប្រពៃណីជាតិ និងការជួបជុំក្រុមគ្រួសារដោយរីករាយ និងមានសុវត្ថិភាព។
​
ជាកិច្ចបញ្ចប់ ក្នុងនាមថ្នាក់ដឹកនាំមន្ទីរ លោក ចាន់ រិទ្ធិ បានជូនពរជ័យ សិរីសួស្តី ជ័យមង្គល ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងគ្រួសារទាំងអស់ សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងបានឧបត្ថម្ភនូវថវិកា និងអំណោយលើកទឹកចិត្តមួយចំនួន ជូនដល់មន្ត្រីរាជការទាំងអស់ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះផងដែរ៕












Powered by Blogger.