ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី នាំយកអំណោយ ជូនកងកម្លាំងវរសេនាតូចអន្តរាគមន៍លេខ១១៥ និងលេខ១១៦ នាឱកាសបុណ្យភ្ជុំបិណ្ឌ

 អត្ថបទ៖ ជឹម ទូច

ខេត្តមណ្ឌលគិរី ៖ ដោយមានការយកចិត្តទុកដាក់ និងលើកទឹកចិត្តខ្ពស់ដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ព្រមទាំងប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរស្រុក បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់កងកម្លាំងវរសេនាតូចអន្តរាគមន៍លេខ១១៥ និងលេខ១១៦ នៃតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ 

ពិធីនេះបានប្រព្រឹត្តទៅនៅទីបញ្ជាការដ្ឋានវរសេនាតូចអន្តរាគមន៍លេខ១១៥ ស្ថិតក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ។

ឯកឧត្តម គង់ គឹមនី អភិបាលខេត្ត បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងពរជ័យសិរីសួស្តីយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូននាយទាហាន នាយទាហានរង និងពលទាហានទាំងអស់។ សម្តេចធិបតី តែងតែយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបាននិងកំពុងលះបង់កម្លាំងកាយចិត្ត និងពេលវេលា ដើម្បីបំពេញភារកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី និងរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន។

ឯកឧត្តមអភិបាលខេត្ត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ និងគំរូវីរភាពដ៏ស្មោះត្រង់របស់កងកម្លាំងទាំងអស់ ព្រមទាំងបានផ្តាំផ្ញើឱ្យបន្តពង្រឹងស្មារតីសាមគ្គីភាព ប្រុងប្រយ័ត្នខ្ពស់ និងថែរក្សាសុខភាពឱ្យបានល្អ ដើម្បីបំពេញភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
ថ្នាក់ដឹកនាំខេត្តក៏បានប្រគល់អំណោយលើកទឹកចិត្តជាស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគជាច្រើនមុខ រួមជាមួយថវិកាមួយចំនួន ជូនដល់កងកម្លាំងវរសេនាតូចអន្តរាគមន៍ទាំងពីរ ក្នុងបរិយាកាសស្និទ្ធស្នាល នាឱកាសពិធីបុណ្យប្រពៃណីជាតិភ្ជុំបិណ្ឌនេះ៕











 

Powered by Blogger.