សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កុំមើលការបំពេញកាតព្វកិច្ចយោធាជាបន្ទុក តែត្រូវមើលជាឱកាស
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កុំមើលការបំពេញ កាតព្វកិច្ចយោធាជាបន្ទុក ប៉ុន្តែត្រូវមើលជាឱកាស ព្រោះរដ្ឋបានវិនិយោគ ច្រើនក្នុងវិស័យយោធា ដើម្បីពង្រឹងសមត្ថភាពឱ្យកាន់តែខ្លាំង។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ
អាស៊ី អឺរ៉ុប នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦នេះ សម្ដេចធិបតីបានបញ្ជាក់ថា
ការបង្កើតឱ្យមានកាតព្វកិច្ចយោធា
គឺជាការវិនិយោគរបស់រដ្ឋក្នុងការកសាងធនធានមនុស្សមួយដែលមានឥរិយាបថត្រឹមត្រូវ វិន័យ
ជំនាញ និងបំណិន ក្រោមការអប់រំ បណ្ដុះបណ្ដាល អនុវត្តវិន័យយ៉ាងតឹងរឹង
និងការធ្វើការជាក្រុមដើម្បីជួយគ្នាសម្រេចភារកិច្ច។
បើតាមសម្តេចធិបតី បានមានប្រសាសន៍ថា សម្រាប់ថ្ងៃទី១
នៃការប្រកាសទទួលពាក្យ សម្រាប់យុវជនមកបំពេញ កាតព្វកិច្ចយោធា
មានយុវជនប្រមាណជាជិត៣ពាន់នាក់ បានដាក់ពាក្យស្នើសុំ ។
សូមជម្រាបថា យុវជន យុវនារី
ដែលមានបំណងស្ម័គ្រចិត្តចូលរួម អាចអញ្ជើញទៅទទួល
និងដាក់ពាក្យនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ខណ្ឌ
នៃទីលំនៅរបស់ខ្លួន តាមកាលបរិច្ឆេទ ៖ ទទួលពាក្យ៖ ថ្ងៃទី១–៩ ខែតុលា ឆ្នាំ២០២៦
និងដាក់ពាក្យ៖ ថ្ងៃទី១០–១៥ ខែតុលា ឆ្នាំ២០២៦។ ចូលរួមដោយឆន្ទៈ ហ្វឹកហាត់ដោយវិន័យ
បំពេញកាតព្វកិច្ចចំពោះជាតិ៕

Post a Comment