ត្រាំ ចាត់ទុកការដកទ័ពចេញពីអ៊ីរ៉ាក់ ជាជ័យជម្នះមួយសម្រាប់សហរដ្ឋអាមេរិក

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាត់ទុកការដកខ្លួនរបស់កងកម្លាំងក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកពីប្រទេសអ៊ីរ៉ាក់ គឺជាជ័យជម្នះមួយសម្រាប់ទីក្រុងវ៉ាស៊ីនតោន បើទោះជាមានការព្រួយបារម្ភថាការដកកងទ័ពអាមេរិកអាចនឹងធ្វើឱ្យចលនាប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់កាន់តែឡើងចាងក៏ដោយ។

ក្នុងការបង្ហោះសារមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social កាលពីថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោក ត្រាំបានគូសបញ្ជាក់ដូច្នេះថា «ថ្ងៃនេះជាជ័យជម្នះមួយសម្រាប់សហរដ្ឋអាមេរិក ជាជ័យជម្នះមួយសម្រាប់អ៊ីរ៉ាក់ និងជាជ័យជម្នះមួយលើពួក ISIS»។ លោក ត្រាំបន្ថែមថា «ក្នុងពេលបច្ចុប្បន្ន អ៊ីរ៉ាក់មានប្រធានាធិបតីដ៏អស្ចារ្យម្នាក់ ហើយខ្ញុំមានជម្រើសមួយថាតើត្រូវបន្តស្ថិតនៅ ឬក៏ចាកចេញ ប៉ុន្តែគ្មានអ្វីត្រូវសង្ស័យទៀតទេ គឺវាដល់ពេលហើយដែលសហរដ្ឋអាមេរិកត្រូវត្រឡប់ទៅផ្ទះវិញ»។

សូមជម្រាបថា កងកម្លាំងអាមេរិកបានដកខ្លួនចេញពីមូលដ្ឋានចុងក្រោយនៅអ៊ីរ៉ាក់ កាលពីថ្ងៃពុធ ជាការចាកចេញដែលត្រូវបានអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តចាត់ទុកជាជ័យជម្នះ ខណៈ ដែលពួកគេកំពុងមានឥទ្ធិពលខ្លាំងនៅក្នុងប្រទេសនេះ និងជាទីដែលជនជាតិអាមេរិក ៤,៥០០នាក់ បានបាត់បង់ជីវិតអំឡុងពេលនៃសង្គ្រាមជាង ២ទសវត្សរ៍។

សូមរម្លឹកថា ទាហានអាមេរិកបានចូលឈ្លានពានអ៊ីរ៉ាក់ នៅឆ្នាំ២០០៣ ដើម្បីផ្ដួលរំលំមេដឹកនាំផ្តាច់ការ លោក Saddam Hussein ហើយបានបន្តកាន់កាប់ប្រទេសនេះ ដោយបង្កើតរដ្ឋាភិបាល និងដឹកនាំការប្រយុទ្ធប្រឆាំងក្រុមឧទ្ទាមអស់រយៈពេលជាច្រើនឆ្នាំ មុនពេលមានដកកងទ័ពចេញនាចុងឆ្នាំ២០១១។ ៣ឆ្នាំក្រោយទាហានអាមេរិកបានត្រឡប់ទៅវិញ ដើម្បីជួយកងកម្លាំងអ៊ីរ៉ាក់ កម្ចាត់ក្រុមសកម្មប្រយុទ្ធ ISIS នៅក្នុងសង្គ្រាមធំមួយចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧៕ ប្រភព៖ AFP



 

Powered by Blogger.