សម្តេចធិបតី ផ្តល់ទស្សនៈ៥ចំណុច ដើម្បីពង្រឹងវិស័យសុខាភិបាល និងការបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់ទស្សនៈ និងលើកទឹកចិត្តឱ្យមានការពង្រឹងវិស័យសុខាភិបាល និងគុណភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងតម្រូវការសុខភាពរបស់ប្រជាពលរដ្ឋ។
ការផ្តល់ទស្សនៈបែបនេះរបស់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ
ក្នងឱកាសដែលសម្ដេចអញ្ជើញជាអធិបតី
ដើម្បីអបអរសាទរវឌ្ឍនភាពលើវិស័យសុខាភិបាលរហូតដល់ទៅ៣
រួមមានការអបអរសាទរខួប៨០ឆ្នាំនៃថ្ងៃបង្កើតសាកលវិទ្យាល័យសុខាភិបាល សម្ពោធអគារសិក្សាថ្មីចំនួនពីរខ្នង
និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី។
សម្តេចមហាបវរធិបតី
បានលើកឡើងនូវទស្សនៈសំខាន់ៗចំនួន ៥ ចំណុច រួមមាន៖
ទី១៖ ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ត្រូវសិក្សា
និងកែលម្អវិធីសាស្ត្របណ្ដុះបណ្ដាល និងធ្វើបច្ចុប្បន្នភាព សុខាភិបាលជាប្រចាំ
ដើម្បីឆ្លើយតបកាន់តែប្រសើរឡើង និងការវិវត្តនៃវិទ្យាសាស្ត្របច្ចេកវិទ្យា
និងបញ្ហាប្រឈម នៅក្នុងប្រព័ន្ធសុខភាពសាធារណៈ ដោយត្រូវធានាថានិស្សិតមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគិតវិភាគ
ដោះស្រាយបញ្ហា សម្រេចចិត្តផ្អែកលើភស្តុតាង និងការធ្វើការជាក្រុមពហុវិជ្ជាជីវៈ
តាមរយៈការលើកកម្ពស់អភិក្រមការបណ្ដុះបណ្ដាលផ្សារ
ភ្ជាប់ការអនុវត្តតាមគ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈសុខាភិបាលនៅកម្ពុជា។
ទី២៖ ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ត្រូវជំរុញឲ្យនិស្សិត
និងអ្នកជំនាញសុខាភិបាលមានអក្ខរកម្មសុខាភិបាល និងអក្ខរកម្មបញ្ញាសិប្បនិម្មិត
ព្រមទាំងយល់ដឹងកាន់តែស៊ីជម្រៅអំពីសុវត្ថិភាពទិន្នន័យ ឯកភាព ឯកជនភាព
សីលធម៌វិជ្ជាជីវៈ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវខ្ពស់
ដោយត្រូវធានាថាអ្នកជំនាញសុខាភិបាលជំនាន់ថ្មីអាចប្រើប្រាស់ទិន្នន័យ
បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិតក្នុងការរៀនស្រាវជ្រាវ ធ្វើរោគវិនិច្ឆ័យ
និងសម្រេចចិត្តផ្អែកលើគ្លីនិក។ ក្នុងន័យនេះ
គ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈសុខាភិបាលត្រូវដើរតួជាមជ្ឈមណ្ឌលស្រាវជ្រាវ
និងនវានុវត្តន៍ក្នុងប្រព័ន្ធសុខភាពសាធារណៈកម្ពុជា។
ទី៣៖ ក្រសួងសុខាភិបាលត្រូវខិតខំពង្រឹងទំនាក់ទំនងល្អរវាងគ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈសុខាភិបាល
មន្ទីរពេទ្យ មូលដ្ឋានសុខាភិបាល និងសហគមន៍
ដើម្បីឲ្យនិស្សិតទទួលបានបទពិសោធន៍ជាក់ស្ដែង ជាពិសេសត្រូវផ្ដោតលើការថែទាំបឋម
ការលើកកម្ពស់សុខភាព និងការបង្ការជំងឺតាមសហគមន៍ និងត្រូវឲ្យនិស្សិតយល់ថាមនុស្សគ្រប់រូបមានតម្លៃនៃជីវិតស្មើគ្នា
ហើយវិជ្ជាជីវៈសុខាភិបាលត្រូវបានផ្សារភ្ជាប់ជាមួយមនុស្សធម៌ និងសីលធម៌។
ទី៤៖ ក្រសួងសុខាភិបាលត្រូវជំរុញការអភិវឌ្ឍសមត្ថភាពអ្នកជំនាញសុខាភិបាលក្នុងការអប់រំសុខភាព
បង្ការជំងឺ និងលើកកម្ពស់សុខភាពដល់បុគ្គល គ្រួសារ និងសហគមន៍
ដែលត្រូវផ្លាស់ប្ដូរផ្នត់គំនិតពីព្យាបាលនៅពេលឈឺទៅជាបង្ការមុនពេលឈឺ
និងរកឃើញជំងឺឲ្យបានឆាប់ ព្រមទាំងត្រូវលើកកម្ពស់ការសិក្សាស្រាវជ្រាវលើបញ្ហាជាក់ស្ដែងនៅកម្ពុជា
ដូចជាជំងឺឆ្លង ជំងឺមិនឆ្លង ភាពធន់នឹងថ្នាំអង់ទីប៊ីយ៉ូទិក សុខភាពមាតា និងទារក
សុខភាពផ្លូវចិត្ត សុខភាពបរិស្ថាន សុខភាពតែមួយ និងបញ្ហាសុខភាពដទៃទៀតដែលកំពុងកើតឡើង
ដើម្បីជាមូលដ្ឋានវិទ្យាសាស្ត្រសម្រាប់ដាក់ចេញនូវក្របខណ្ឌគោលនយោបាយ សម្រាប់ការកែលម្អវិស័យសុខាភិបាល
និងរៀបចំនីតិប្រតិបត្តិស្តង់ដារសម្រាប់លើកកម្ពស់សេវាសុខភាពនៅកម្ពុជា។
ទី៥៖ គ្រូពេទ្យ និង បុគ្គលិកបច្ចេកទេស ទាំងក្នុងវិស័យសាធារណៈ និងឯកជន
ត្រូវបង្កើនការយកចិត្តទុកដាក់លើ សេវាបង្ការ និង សេវាព្យាបាលបឋម
ដើម្បីទប់ស្កាត់ការវិវត្តនៃជំងឺទៅកាន់ ស្ថានភាពធ្ងន់ធ្ងរ ឬ រ៉ាំរ៉ៃ ដែលអ្នកជំងឺ ឬ
គ្រួសារអ្នកជំងឺ ប្រព័ន្ធសុខាភិបាល និង ប្រព័ន្ធគាំពារសង្គមត្រូវចំណាយខ្ពស់។
លើសពីនេះ
ត្រូវកសាង និង រក្សាទំនាក់ទំនងប្រកបដោយទំនុកចិត្ត
តាមរយៈឥរិយាបទប្រកបដោយសីលធម៌វិជ្ជាជីវៈ នៅពេលប្រាស្រ័យទាក់ទងជាមួយ អ្នកជំងឺ ឬ
គ្រួសារអ្នកជំងឺ រួមទាំង លើកទឹកចិត្តអ្នកជំងឺ និង គ្រួសារអ្នកជំងឺ
ឱ្យចូលរួមក្នុងការសម្រេចចិត្តលើ ការព្យាបាល ព្រមទាំង ផ្តល់ចំណេះដឹង និងបទពិសោធ
អំពីការថែទាំបឋម ព្យាបាល បង្ការជំងឺ គ្រប់គ្រងលក្ខខណ្ឌជំងឺរ៉ាំរ៉ៃ និង
ថែទាំអ្នកជំងឺជាដើម៕

Post a Comment