រុស្ស៊ី ព្រមានថា រោងចក្រផលិតអាវុធនៅអឺរ៉ុបដែលផ្គត់ផ្គង់ដល់អ៊ុយក្រែន ជាគោលដៅវាយប្រហារយោធារបស់ខ្លួន
មូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃពុធ បានព្រមានថា បណ្តារោងចក្រនៅអឺរ៉ុបដែលផលិតអាវុធផ្គត់ផ្គង់ឱ្យអ៊ុយក្រែន គឺជាគោលដៅយោធាស្របច្បាប់របស់រុស្ស៊ី ព្រមទាំងបានចោទប្រកាន់ប្រទេសនៅអឺរ៉ុបថា កំពុងចូលរួមដោយផ្ទាល់ក្នុងសង្គ្រាមនេះ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី
ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) បានលើកឡើងបែបនេះ
ពេលឆ្លើយតបនឹងសំណួរជុំវិញសេចក្តីរាយការណ៍ដែលថា
ប្រទេសប៉ូឡូញត្រៀមបើករោងចក្រផលិតមីស៊ីលការពារដែនអាកាស Patriot សម្រាប់ផ្គត់ផ្គង់ដល់អ៊ុយក្រែន។ យ៉ាងណាក្ដី អង្គការណាតូ (NATO) និងប្រទេសអឺរ៉ុបជាច្រើន បានបញ្ជាក់ជំហររួចហើយថា ពួកគេនឹងបន្តធ្វើគ្រប់បែបយ៉ាងដើម្បីជួយអ៊ុយក្រែនក្នុងការទប់ទល់នឹងកងទ័ពរុស្ស៊ី
ព្រមទាំងបាញ់ស្ទាក់ដ្រូន និងមីស៊ីល។
លោកស្រី Zakharova បានបញ្ជាក់ច្បាស់ៗថា៖
«រោងចក្រផលិតអាវុធនៅតាមប្រទេសអឺរ៉ុប
ដែលផ្គត់ផ្គង់ឱ្យអ៊ុយក្រែន សុទ្ធតែជាគោលដៅយោធារបស់រុស្ស៊ី ហើយកុំគិតឱ្យសោះថា រោងចក្រយោធានៅក្រៅទឹកដីអ៊ុយក្រែន
ដែលផលិតអាវុធឱ្យរដ្ឋាភិបាលក្រុងកៀវ នឹងមានសុវត្ថិភាពនោះ។ អ្នកណាដែលគិតបែបនេះ
គឺយល់ច្រឡំទាំងស្រុង»។
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា
បណ្តាប្រទេសនៅអឺរ៉ុបមិនមែនគ្រាន់តែផ្ដល់ជំនួយធម្មតានោះទេ ប៉ុន្តែការបើករោងចក្រ
និងសហការផលិតអាវុធ បានបង្ហាញយ៉ាងច្បាស់ថាពួកគេកំពុងចូលរួមក្នុងជម្លោះនេះយ៉ាងពេញទំហឹង
ដែលទង្វើបែបនេះ មានតែរុញច្រានឱ្យសង្គ្រាមកាន់តែអូសបន្លាយពេលយូរ
មិនអាចឆាប់បញ្ចប់ដូចអ្វីដែលអឺរ៉ុបគិតស្រមៃនោះឡើយ៕

Post a Comment