ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញជាអធិបតីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) លើកទី២៥។
ពិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាននាព្រឹកថ្ងៃនេះ
រៀបចំធ្វើឡើងនៅវិមានសន្តិភាព វិមានរាជរដ្ឋាភិបាលកម្ពុជា
ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូជាសមាជិកសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងគណៈអភិបាលខេត្តរបស់កម្ពុជា។
មហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន
ត្រូវបានរៀបចំឡើងលើកទី២ហើយនៅកម្ពុជា ខណៈលើកទី១
ត្រូវបានរៀបចំឡើងកាលពីឆ្នាំ២០១៩។ ការរៀបចំមហាសន្និបាត VECONAC
នេះ បានផ្តល់ឱកាសយ៉ាងសំខាន់សម្រាប់អតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន
ដើម្បីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងសាមគ្គីភាព
មិត្តភាព
និងកិច្ចសហប្រតិបត្តិការរវាងអង្គការសមាគមអតីតយុទ្ធជននៃបណ្តាប្រទេសអាស៊ាន
ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ លើកកម្ពស់សុខុមាលភាពអតីតយុទ្ធជន និងជំរុញការចូលរួមរបស់អតីតយុទ្ធជនក្នុងការរក្សាសន្តិភាព
ស្ថិរភាព ការអភិវឌ្ឍសង្គម ការកសាងសហគមន៍អាស៊ានប្រកបដោយភាពរឹងមាំ និងចីរភាព។
សូមបញ្ជាក់ថា
សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៩
ខែធ្នូ ឆ្នាំ១៩៨០ និងបច្ចុប្បន្នមានសមាជិកសរុបចំនួន១០ប្រទេស
ដែលកំពុងបំពេញភារកិច្ចលើការងារអតីតយុទ្ធជនយ៉ាងសកម្មតាមបណ្តាប្រទេសរៀងៗខ្លួននៅក្នុងតំបន់។
ក្នុងមហាសន្និបាតលើកទី២៥នេះ
គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យមួយទៀតក្នុងប្រវត្តិសាស្ត្ររបស់ VECONAC ដោយនឹងទទួលបញ្ចូលក្រុមប្រឹក្សាអ្នកតស៊ូរំដោះជាតិនៃប្រទេសទីម័រឡេស្តេ
ជាសមាជិកថ្មីទី១១។ ការពង្រីកសមាជិកភាពនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការរីកចម្រើន
និងការពង្រឹងតួនាទីរបស់ VECONAC ប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងបង្ហាញពីស្មារតីរួបរួម សាមគ្គីភាព
និងការប្តេជ្ញាចិត្តរួមក្នុងការថែរក្សាតម្លៃនៃសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ
ដើម្បីលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់អតីតយុទ្ធជននៅទូទាំងតំបន់៕

Post a Comment