ឧត្តមសេនីយ៍ត្រី ហ៊ត សីហា ចុះត្រួតពិនិត្យការចែកពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ក្នុងខេត្តកែប
អត្ថបទ៖ ទ្រី ហៀន
ខេត្តកែប៖ លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការកាតព្វកិច្ចយោធាខេត្ត រួមដំណើរជាមួយលោកមេបញ្ជាការរង នាថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៦៧០ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់នូវសកម្មភាពចែកពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ជូនដល់យុវជននៅតាមមូលដ្ឋានកងរាជអាវុធហត្ថក្រុង និងស្រុក ទូទាំងខេត្តកែប។បេសកកម្មចុះត្រួតពិនិត្យនាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងជំរុញ និងប្រគល់ការណែនាំបន្ថែមដល់កងកម្លាំងជំនាញនៅថ្នាក់មូលដ្ឋាន ឱ្យអនុវត្តដំណើរការចែកពាក្យសុំចូលបំពេញកាតព្វកិច្ចយោធាប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងស្របតាមនីតិវិធីច្បាប់ដែលបានកំណត់។ ជាមួយគ្នានេះ ក៏ដើម្បីសម្រួលដល់យុវជនដែលមានបំណងចង់ចូលរួមបំពេញកាតព្វកិច្ចជូនជាតិ មាតុភូមិ ឱ្យទទួលបានព័ត៌មាន និងការណែនាំច្បាស់លាស់ក្នុងការបំពេញបែបបទ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានផ្តាំផ្ញើ និងណែនាំដល់នាយទាហាន និងនាយទាហានរង នៃកងរាជអាវុធហត្ថក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់សម្របសម្រួល និងសម្រួលនីតិវិធីជូនប្រជាពលរដ្ឋ និងយុវជនឱ្យបានរហ័ស ទាន់ពេលវេលា និងឆ្លើយតបទៅនឹងស្មារតីស្នេហាជាតិរបស់យុវជនកម្ពុជាក្នុងការចូលរួមការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងអភិវឌ្ឍន៍ប្រទេសជាតិ៕















Post a Comment