ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធផ្លូវជាតិលេខ១០ តភ្ជាប់បាត់ដំបង-ពោធិ៍សាត់-កោះកុង

ខេត្តពោធិ៍សាត់៖ សមិទ្ធផលដ៏វិសេសវិសាលជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយទៀត របស់កម្ពុជា​តភ្ជាប់តំបន់ភ្នំភាគពាយ័ព្យប្រទេស ទៅកាន់តំបន់សមុទ្រភាគនិរតី ពោល​គឺ​ផ្លូវជាតិលេខ​១០ តភ្ជាប់រវាងខេត្តបាត់ដំបង-ពោធិ៍សាត់-កោះកុង ត្រូវបានរៀបចំសម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

ពិធីសម្ពោធដែលរៀបចំឡើងយ៉ាងមហោឡារិក និងប្រកបដោយក្តីរីករាយនាំព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅ​កម្ពុជា។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា មន្ត្រីជាន់ខ្ពស់​នៃ​រាជ​រដ្ឋាភិបាលកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បាត់ដំបង កោះកុង ប៉ៃ​លិន និងបណ្តាខេត្តមួយចំនួនទៀត រួមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជា​ពល​រដ្ឋ យុវជន សិស្សានុសិស្សយ៉ាងច្រើនកុះករ និងប្រកបដោយក្តីត្រេកអររីករាយ​ចំពោះ​សមិទ្ធផលជាឧត្តមប្រយោជន៍សម្រាប់ជីវភាពប្រចាំថ្ងៃ សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋ​កិច្ចជាតិ។

ផ្លូវជាតិលេខ១០នេះ មានប្រវែងសរុបជិត ២០០គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៥៧​-៧ ត្រង់គីឡូម៉ែត្រលេខ ៣៥+៩០០ ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់​ដំបង ប្រវែងជាង ៣២គីឡូម៉ែត្រ ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍​សាត់ ប្រវែងជិត ៩៩គីឡូម៉ែត្រ រហូតដល់ផ្លូវជាតិលេខ៤៨ ត្រង់គីឡូម៉ែត្រលេខ ១+៧០០ ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ប្រវែងជាង ៦៧​គីឡូ​ម៉ែត្រ។

គម្រោងនេះត្រូវបានសាងសង់ឡើងជាប្រភេទផ្លូវ DBST ក្នុងនោះ ផ្លូវក្រាលកៅស៊ូ DBST ប្រវែងជិត ១៩៤គីឡូម៉ែត្រ ទទឹង ៩ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តធ្វើ​ចរា​ចរណ៍ ២គន្លងទៅមក និងផ្លូវចាក់បេតុងសរសៃដែក មានប្រវែង ៤ ៧០០ម៉ែត្រ ទទឹង ៩ម៉ែត្រ និងនៅចំណុចផ្លូវបត់បែនខ្លាំង និងផ្លូវចំណោទឡើងចុះមួយចំនួនត្រូវ​ពង្រីក​រហូត​ដល់ ១៨ម៉ែត្រ ដែលរថយន្តសណ្តោងរ៉ឺម៉កប្រវែង ២១ម៉ែត្រ អាចទៅមកក្នុងពេល​តែមួយបាន។ ដោយសារគម្រោងនេះបានជួបផលប៉ះពាល់បរិស្ថានជាច្រើន ដូច្នេះតម្រូវ​ឱ្យ​មានការផ្លាស់ប្តូរគន្លងផ្លូវថ្មីពីខ្សែខាងកើត មកខ្សែខាងលិចវិញ ត្រង់គីឡូម៉ែត្រលេខ ១១១+៨៦០ ដល់គីឡូម៉ែត្រលេខ ១៧៧+៦០០ មានប្រវែងជិត ៦៦គីឡូម៉ែត្រ។

បន្ថែមពីនេះ គម្រោងនេះ ក៏មានការសាងសង់ស្ពានថ្មី និងពង្រីកស្ពានបេតុងចាស់ សរុប​ចំនួន ៣២កន្លែង ប្រវែងសរុប ២ ៣២៥ម៉ែត្រ រួមមាន ស្ពានសង់ថ្មីចំនួន ២០កន្លែង និង​ពង្រីកស្ពានចាស់ចំនួន ១២កន្លែង។ នៅក្នុងចំណោមស្ពានសរុបទាំង ៣២នេះ មាន​ស្ពាន​មួយដែលត្រូវបានសាងសង់ឡើងជាស្ពានខ្ពស់ជាងគេនៅកម្ពុជា និងត្រូវបានរាជ​រដ្ឋា​ភិបាលប្រសិទ្ធនាមថា «ស្ពានតេជោសន្តិភាពឫស្សីជ្រុំ»។ លក្ខណៈបច្ចេក​ទេស​របស់​ស្ពាននេះ រួមមាន តួស្ពានទាំងមូលមានប្រវែង ៥៣៧ម៉ែត្រ និងទទឹង ១០ម៉ែត្រ និង១៥​ម៉ែត្រនៅផ្នែកកណ្តាលស្ពាន ចែកចេញជា ១២ប្រឡោះ និងមានកម្ពស់ ៩០ម៉ែត្រ គិត​ពី​បាតស្ទឹងដល់បាតធ្នឹមក្រោមស្ពាននៅត្រង់ចំណុចកណ្តាល និងមានសាងសង់កន្លែង​សំចតថតរូបអនុស្សាវរីយ៍នៅចំផ្នែកកណ្តាលស្ពាន៕



 

Powered by Blogger.