ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៊ីស្រាអែល ក្នុងតំបន់ West Bank
ហ៊្សេរុយសាឡិម៖ ប្រភពបាននិយាយកាលពីថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ថានាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានបញ្ជាឱ្យរុះរើលំនៅដ្ឋានរបស់ក្រុមអ្នកតាំងលំនៅអ៊ីស្រាអែល ដែលមិនទទួលបានការអនុញ្ញាត នៅក្នុងតំបន់ West Bank ខណៈដែលមានការដាក់សម្ពាធពីសហរដ្ឋអាមេរិក ឱ្យចាត់វិធានការតឹងរ៉ឹងប្រឆាំងនឹងការវាយប្រហាររបស់ក្រុមនេះ ទៅលើជនជាតិប៉ាឡេស្ទីន។
បទបញ្ជានេះ
អនុវត្តចំពោះលំនៅដ្ឋានដែលមិនទទួលបានការអនុញ្ញាតផ្លូវការពីអ៊ីស្រាអែល
ដែលត្រូវបានបង្កើតឡើងដោយក្រុមអ្នកតាំងលំនៅ។ ជាទូទៅវាមានលក្ខណៈជាផ្ទះចល័ត
និងជាទីស្នាក់សម្រាប់ក្រុមអ្នកតាំងលំនៅមួយចំនួនតូច។ រដ្ឋអ៊ីស្រាអែលតែងតែរុះរើសំណង់បែបនេះ
ប៉ុន្តែក៏មានករណីខ្លះរដ្ឋក៏ព្រមទទួលស្គាល់ផ្លូវការ
ដោយអនុញ្ញាតឱ្យពួកគេទទួលបានថវិកាគាំទ្រពីរដ្ឋាភិបាលផងដែរ។
គេមិនទាន់ច្បាស់ទេថាតើប្រតិបត្តិការនេះ
នឹងចាប់ផ្តើមនៅពេលណា។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ៊ីស្រាអែល លោក Mike
Huckabee បានថ្កោលទោស
និងហៅក្រុមអ្នកតាំងលំនៅដែលប្រព្រឹត្តអំពើហិង្សាថាជាក្រុមភេរវករ
ជាមួយការអំពាវនាវឱ្យមានការដាក់ទោសទណ្ឌលើពួកគេ
បន្ទាប់ពីលោកបានជួបពិភាក្សាជាមួយជនជាតិអាមេរិកដើមកំណើតប៉ាឡេស្ទីនមួយចំនួន នៅក្នុងទីក្រុងមួយរបស់ប៉ាឡេស្ទីនក្នុងតំបន់
West Bank កាលពីចុងសប្តាហ៍កន្លងទៅ។
បើតាមគេហទំព័រព័ត៌មាន Ynet
របស់អ៊ីស្រាអែល រាយការណ៍ពីពេលមុន
បទបញ្ជាទាំងនោះកំណត់គោលដៅលើទីតាំងគ្មានការអនុញ្ញាតប្រហែល ១០០កន្លែង នៅទូទាំងតំបន់ West
Bank៕ (Reuters)

Post a Comment