ប្រមុខការទូតកម្ពុជា៖ UNCLOS នឹងមានសមត្ថភាព គ្រប់គ្រាន់ជួយ កម្ពុជា-ថៃ
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា មានទំនុកចិត្តថា គណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការ សហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដឹកនាំដោយលោកស្រី Katrina Cooper នឹងមានសមត្ថភាពគ្រប់គ្រាន់ ជួយដល់កម្ពុជានិងថៃ ។
ក្នុងកិច្ចប្រជុំរួមបើកចំហរ
លើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ
ជាមួយកម្ពុជា-ថៃ នៅសិង្ហបុរី នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ប្រមុខការទូតកម្ពុជា
ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងថា កម្ពុជាគោរពច្បាប់អន្តរជាតិ
ការដោះស្រាយវិវាទ ដោយសន្តិវិធី និងស្ថាប័ននានាដែលលើកកម្ពស់ ។ គោលការណ៍ទាំងនេះ
បានចាក់ឫសយ៉ាងជ្រៅ ក្នុងបទពិសោធន៍ជាតិរបស់កម្ពុជា។
ការដែលកម្ពុជាស្វែងរកដំណោះស្រាយតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់កម្ពុជាលើ ស្ថាប័នអន្តរជាតិ
ក្នុងនាមជាយន្តការដោះស្រាយវិវាទដ៏ស្មុគស្មាញរវាងរដ្ឋនានា ដោយសន្តិវិធី
និងស្របតាមច្បាប់អន្តរជាតិ ។
ឧបនាយករដ្ឋមន្រ្តី
ប្រាក់ សុខុន បញ្ជាក់ថា បទពិសោធន៍នេះបានបង្ហាញថា បញ្ហាសំខាន់បំផុតសម្រាប់ជាតិ
អាចដោះស្រាយបានតាមសន្តិវិធី និងតាមយន្តការពហុភាគី ជាជាងតាមការប្រើប្រាស់កម្លាំង
ហើយក្របខ័ណ្ឌអន្តរជាតិ អាចផ្តល់មូលដ្ឋានគ្រឹះ ដ៏រឹងមាំនិងចីរកាល
សម្រាប់ឱ្យរដ្ឋជិតខាងគ្នា ដោះស្រាយទំនាស់របស់ខ្លួន ។
ប្រមុខការទូតកម្ពុជា
បានអះអាងទៀតថា
ការប្តេជ្ញាចិត្តដូចបានលើកឡើងខាងដើមគឺជាកត្តាកំណត់អភិក្រមរបស់កម្ពុជា
ក្នុងការរក្សា ទំនាក់ទំនងជាមួយថៃ ។ ទំនាក់ទំនងរវាងកម្ពុជា-ថៃ
បាននិងកំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក។ កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា
អាចជួយភាគីទាំងពីរ ក្នុងការបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញ
ទៅមករបស់ភាគីទាំងពីរ ។
ជាមួយគ្នានេះ
ប្រមុខការទូតសង្កត់ធ្ងន់ថា កម្ពុជាបានទទួលការលើកទឹកចិត្តពីលទ្ធផល
នៃការផ្សះផ្សាលើបញ្ហា ដែនសមុទ្រទីម័រ រវាងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
និងប្រទេសអូស្ត្រាលី ។ ដំណើរការផ្សះផ្សានោះ បានបង្ហាញថា ការផ្សះផ្សា
ដោយបង្ខំក្រោមអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីនីតិសមុទ្រ អាចដោះស្រាយភាព
ជាប់គាំងដ៏យូរអង្វែងរវាងប្រទេសជិតខាង និងនាំទៅរកដំណោះស្រាយ
ជាស្ថាពរតាមរយៈសន្ធិសញ្ញា ។
ឧបនាយករដ្ឋមន្រ្តី
ប្រាក់ សុខុន សង្កត់ធ្ងន់ថា កម្ពុជាមានទំនុកចិត្តថា
គណៈកម្មការផ្សះផ្សាជាមួយនឹងសមាសភាពដ៏ឧត្តុង្គឧត្តម
មានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយដល់កម្ពុជានិងថៃ
ឱ្យសម្រេចបាននូវលទ្ធផលស្រដៀងគ្នានេះដែរ ពោលគឺលទ្ធផលដែលនាំមកនូវសន្តិភាព ស្ថិរភាព
និងវិបុលភាពរួមសម្រាប់តំបន់៕

Post a Comment