Netanyahu ប្រឹងការពារអ៊ីស្រាអែល ក្នុងមហាសន្និបាត UN ខណៈប្រតិភូប្រទេសជាច្រើនដើរចេញពីសាលប្រជុំ
បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានការពារសកម្មភាពរបស់អ៊ីស្រាអែលនៅក្នុងតំបន់មជ្ឈិមបូព៌ា នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ខណៈប្រតិភូមកពីច្រើនប្រទេសបាននាំគ្នាដើរចេញពីសាលប្រជុំនៅពេលរូបលោកឡើងថ្លែងសុន្ទរកថា។
ការខ្វែងគំនិតគ្នាជុំវិញការប្រព្រឹត្តរបស់អ៊ីស្រាអែលត្រូវបានបង្ហាញយ៉ាងច្បាស់
នៅពេលលោក Netanyahu ចាប់ផ្ដើមឡើងថ្លែងសុន្ទរកថាដោយមានគណៈប្រតិភូមកពីប្រទេសជាច្រើនបាននាំគ្នាដើរចេញពីសាលប្រជុំជាការសម្ដែងការតវ៉ា។
លោក Netanyahu បានហៅប្រតិភូដែលដើរចេញពីសាលប្រជុំទាំងនោះជាមនុស្សកំសាក
ខណៈក្រុមអ្នកគាំទ្ររូបលោកនាំគ្នាស្រែកគាំទ្រអ៊ីស្រាអែល។ លោក Netanyahu បានប្រើប្រាស់សុន្ទរកថារបស់លោកដើម្បីរិះគន់ខ្លាំងលើចៅហ្វាយក្រុងញូវយ៉ក
លោក Zohran Mamdani សម្រាប់ការហៅរូបលោកជាឧក្រិដ្ឋជនសង្រ្គាម
និងរិះគន់មេដឹកនាំលោកខាងលិចមួយចំនួនសម្រាប់អ្វីដែលលោកហៅថាជាចលនាប្រឆាំងជនជាតិជី្វហ្វ
ហើយចោទប្រកាន់កាតា និងតួកគីយ៉េ កំពុងស្រាបព្រោះការភូតកុហកអំពីអ៊ីស្រាអែល។
នៅក្នុងសុន្ទរកថារបស់លោក លោក Netanyahu
ដែលកំពុងដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោត សកលរបស់អ៊ីស្រាអែលនៅថ្ងៃទី២៧
ខែតុលាខាងមុខ ក៏បានការពារផងដែរថាអ៊ីស្រាអែលមិនបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍
ហើយអ៊ីស្រាអែលថែមទាំងបានបង្ការកុំឱ្យអំពើប្រល័យពូជសាសន៍កើតឡើងទៀតផង។
លោក Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិ
របស់លោក គឺលោក Yoav Gallant ត្រូវបានតុលាការព្រហ្មទណ្ឌអន្តរជាតិ
ICC ចេញដីកាចាប់ខ្លួនពីបទឧក្រិដ្ឋកម្មសង្រ្គាមក្នុងតំបន់ហ្កាហ្សាកាលពីឆ្នាំ២០២៤
ខណៈអីស្រាអែលរងការចោទប្រកាន់ថាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើប្រជាជនប៉ាឡេស្ទីន
ជាការចោទប្រកាន់មួយដែលលោក Netanyahu និងក្រុមមន្ត្រីអ៊ីស្រាអែលតែងតែបដិសេធ៕ ប្រភព៖ Reuters

Post a Comment