ក្រសួងទេសចរណ៍ និងគណៈមេធាវី ចុះ MoU ស្តីពីការពង្រឹងកិច្ចសហការលើកកម្ពស់ការយល់ដឹង និងការអនុវត្តច្បាប់ក្នុងវិស័យទេសចរណ៍
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងជំនួបសម្តែងការគួរសម និងពិធីចុះហត្ថលេខាលើ «អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហការលើកកម្ពស់ការយល់ដឹង និងការអនុវត្តច្បាប់ក្នុងវិស័យទេសចរណ៍» ដែល អនុស្សរណៈនៃការយោគយល់គ្នាថ្មីនេះ មានសុពលភាពរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ និងជាការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ បន្ទាប់ពីអនុស្សរណៈលើកទី១ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ
និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
ដែលកន្លងមកបានចូលរួមផ្តល់ការប្រឹក្សាផ្នែកច្បាប់
និងគាំទ្រការងាររបស់ក្រសួងទេសចរណ៍។
តាមរយៈអនុស្សរណៈនេះ
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តចូលរួមផ្តល់ប្រឹក្សាយោបល់ផ្នែកច្បាប់
ជួយសម្របសម្រួល និងដោះស្រាយវិវាទពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ព្រមទាំងចូលរួមសិក្សា
និងផ្តល់អនុសាសន៍លើបញ្ហាដែលប៉ះពាល់ដល់ផលប្រយោជន៍វិស័យទេសចរណ៍
សំដៅរួមចំណែកកែលម្អក្របខណ្ឌគតិយុត្ត និងការពារផលប្រយោជន៍ភ្ញៀវទេសចរនៅកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈមេធាវី
បានគូសបញ្ជាក់ថា គណៈមេធាវីនឹងចូលរួមជួយរៀបចំសេចក្តីព្រាងច្បាប់
ឬបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យទេសចរណ៍
សិក្សាពីភាពខ្វះចន្លោះនៃច្បាប់ស្តីពីទេសចរណ៍ និងលិខិតបទដ្ឋានគតិយុត្តនានា
ព្រមទាំងចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជាក្នុងចំណោមមេធាវី និងសាធារណជន
តាមរយៈសិក្ខាសាលា និងព្រឹត្តិការណ៍នានា។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើដល់គណៈមេធាវី
បន្តផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ក្រសួង ក្នុងការរៀបចំ
និង កែសម្រួលច្បាប់ស្តីពីទេសចរណ៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យទេសចរណ៍
សរុបចំនួន១០ គម្រោង ព្រមទាំងផ្តល់វគ្គបណ្តុះបណ្តាលផ្នែកច្បាប់ដល់មន្ត្រីរាជការក្រសួងទេសចរណ៍
និងចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយ។
ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ
បង្ហាញពីការប្តេជ្ញាចិត្តរួមរបស់ក្រសួងទេសចរណ៍
និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹងការអនុវត្តច្បាប់
កែលម្អក្របខណ្ឌគតិយុត្តក្នុងវិស័យទេសចរណ៍
និងលើកកម្ពស់បរិយាកាសទេសចរណ៍ប្រកបដោយគុណភាព ទំនុកចិត្ត
និងការការពារផលប្រយោជន៍របស់ភ្ញៀវទេសចរ និងភាគីពាក់ព័ន្ធ៕







Post a Comment