ក្រសួងព័ត៌មាន និង JCA ចាប់ផ្តើមកិច្ចសហការអភិរក្សបណ្ណសារវីដេអូប្រវត្តិសាស្ត្រ ជាសម្បត្តិបេតិកភណ្ឌជាតិ
ភ្នំពេញ៖ ក្រសួងព័ត៌មាន និងសមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association - JCA) កំពុងចាប់ផ្តើមកិច្ចសហប្រតិបត្តិការលើការអភិរក្ស និងបំប្លែងបណ្ណសារវីដេអូប្រវត្តិសាស្ត្រដែលបានថតទុកពីសកម្មភាពរបស់ថ្នាក់ដឹកនាំជាតិ និងព្រឹត្តិការណ៍សំខាន់ៗនានា ទៅជាទម្រង់ឌីជីថល ដើម្បីរក្សាទុកជាប្រភពឯកសារប្រវត្តិសាស្ត្រដ៏មានតម្លៃ និងជាសម្បត្តិបេតិកភណ្ឌជាតិសម្រាប់មនុស្សជំនាន់ក្រោយ។
ឯកឧត្តម នេត្រ ភក្ត្រា
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងដូច្នេះ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦
ក្នុងឱកាសអនុញ្ញាតឱ្យគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា (JCA)
ដឹកនាំដោយលោក Takahashi Fumiaki ប្រធានសមាគម
និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
នៅទីស្តីការក្រសួងព័ត៌មាន។
ក្នុងជំនួបនេះ
ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការរៀបចំ
និងអភិរក្សបណ្ណសារវីដេអូចាស់ៗ ដែលកំពុងរក្សាទុកនៅទូរទស្សន៍ជាតិកម្ពុជា (TVK)
ជាពិសេសការបំប្លែងឯកសារដែលមានផ្ទុកនៅលើមេឌៀចាស់ៗ
ឬទម្រង់ផ្ទុកទិន្នន័យដែលលែងប្រើប្រាស់ ទៅជាបណ្ណសារឌីជីថល។
ការងារនេះនឹងរួមចំណែកការពារឯកសារទាំងនោះពីការខូចខាត និងការបាត់បង់
ព្រមទាំងជួយសម្រួលដល់ការរៀបចំ ចាត់ថ្នាក់ ស្វែងរក និងប្រើប្រាស់ឯកសារបានកាន់តែមានប្រសិទ្ធភាព។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា
បានថ្លែងអំណរគុណចំពោះសមាគមជប៉ុន-កម្ពុជា
ដែលបានចូលរួមសហការគាំទ្រគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ
ដោយចាត់ទុកបណ្ណសារវីដេអូចាស់ៗថា ជាប្រភពព័ត៌មាន និងឯកសារប្រវត្តិសាស្ត្រដ៏មានតម្លៃ
ដែលអាចឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ សកម្មភាព
និងការវិវត្តសំខាន់ៗរបស់ប្រទេសកម្ពុជាក្នុងអតីតកាល។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា
បណ្ណសារវីដេអូទាំងនេះមិនមែនគ្រាន់តែជាឯកសារសម្រាប់រក្សាទុកក្នុងឃ្លាំងប៉ុណ្ណោះទេ
ប៉ុន្តែជាភស្តុតាង និងជាប្រភពចំណេះដឹងដែលមានតម្លៃសម្រាប់ការសិក្សា ស្រាវជ្រាវ
និងការយល់ដឹងអំពីប្រវត្តិសាស្ត្ររបស់កម្ពុជា។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ទៀតថា
ការអភិរក្ស និងបំប្លែងបណ្ណសារទាំងនេះទៅជាទម្រង់ឌីជីថល គឺជាការងារចាំបាច់
ដើម្បីធានាថាឯកសារដ៏មានតម្លៃទាំងនេះអាចរក្សាទុកបានយូរអង្វែង និងមិនត្រូវបានបាត់បង់
ឬខូចខាតទៅតាមពេលវេលា។ ជាមួយគ្នានេះ
បណ្ណសារឌីជីថលក៏នឹងជួយបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង ការចាត់ថ្នាក់
ការស្វែងរក និងការប្រើប្រាស់ឯកសារសម្រាប់ការងារព័ត៌មាន
និងការផ្សព្វផ្សាយជូនសាធារណជន។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា
ការងារអភិរក្សនេះមានគោលដៅធានាថា បណ្ណសារវីដេអូប្រវត្តិសាស្ត្រទាំងនេះនឹងក្លាយជាមរតកឯកសាររបស់ជាតិ
ដែលអាចបន្តបម្រើជាប្រភពចំណេះដឹង និងព័ត៌មានសម្រាប់មនុស្សជំនាន់ក្រោយ
ព្រមទាំងគាំទ្រដល់ការសិក្សា ការស្រាវជ្រាវ ការផលិតព័ត៌មាន
និងការផ្សព្វផ្សាយអំពីប្រវត្តិសាស្ត្ររបស់កម្ពុជាផងដែរ។
ជាមួយគ្នានេះ
ក្នុងជំនួបក៏បានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន
និងសមាគមជប៉ុន-កម្ពុជា លើវិស័យបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយ
ការផលិតមាតិកាឌីជីថល ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ព្រមទាំងការបណ្តុះបណ្តាល
និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន
បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនសមត្ថភាពមន្ត្រី
និងអ្នកជំនាញក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ តាមរយៈការទទួលបានចំណេះដឹង
ជំនាញបច្ចេកទេស និងបទពិសោធន៍ថ្មីៗ ស្របតាមការវិវត្តនៃបច្ចេកវិទ្យា
និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។
ជាការឆ្លើយតប ភាគី JCA
បានបង្ហាញឆន្ទៈក្នុងការស្វែងរកឱកាសបន្ថែម
ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងព័ត៌មាន តាមរយៈការផ្លាស់ប្តូរចំណេះដឹង
បទពិសោធន៍ និងជំនាញបច្ចេកទេស ព្រមទាំងការគាំទ្រដល់ការបណ្តុះបណ្តាល
និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជា
ដើម្បីរួមចំណែកដល់ការធ្វើទំនើបកម្មវិស័យព័ត៌មាន
និងការអភិរក្សមរតកឯកសារប្រវត្តិសាស្ត្ររបស់ជាតិឱ្យបានគង់វង្ស៕





Post a Comment