ឯកឧត្តម អ៊ុំ រាត្រី៖ គាំទ្រពលរដ្ឋភៀសសឹកនៅភូមិរង់ចាំទាំង៦ គួរចាប់យកឱកាសបង្កើតអាជីវកម្ម Home Stay បន្ថែមចំណូលគ្រួសារ

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់តាមរយៈការជំរុញនិងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងរស់នៅតាមភូមិរង់ចាំទាំង៦ ឱ្យចាប់ផ្តើមរៀបចំបង្កើតសេវាកម្មផ្ទះស្នាក់អាស្រ័យ (Home Stay) ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ក៏ដូចជាទាញយកប្រាក់ចំណូលបន្ថែមពីភ្ញៀវទេសចរដែលចង់មកទស្សនា និងស្នាក់នៅរយៈពេលខ្លីក្នុងតំបន់។

ក្នុងកិច្ចប្រជុំពិភាក្សាការងារ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ដើម្បីធានាបាននូវដំណើរការប្រកបដោយប្រសិទ្ធភាព រដ្ឋបាលខេត្តបានចាត់តាំងក្រុមការងារជំនាញចុះរៀបចំទម្រង់បែបបទជាក់លាក់ ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់បើកអាជីវកម្មផ្ទះស្នាក់ ដោយតម្រូវឱ្យបំពេញព័ត៌មានសំខាន់ៗ រួមមាន លេខផ្ទះ ឈ្មោះភូមិ និងលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង ឱ្យបានច្បាស់លាស់។

គំនិតផ្ដួចផ្ដើមដ៏មានអត្ថន័យនេះ ត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រអភិវឌ្ឍន៍សហគមន៍ដ៏មានសក្តានុពល ដែលមិនត្រឹមតែជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយជំរុញកំណើនវិស័យទេសចរណ៍មូលដ្ឋាន និងផ្សព្វផ្សាយពីភាពកក់ក្ដៅក្នុងខេត្តបន្ទាយមានជ័យផងដែរ៕






Powered by Blogger.