ក្រុមជម្រើសជាតិកម្ពុជា បង្កើនឱកាសឡើងវគ្គផ្ដាច់ព្រ័ត្រពាន FIFA Asean Cup 2026 ក្រោយឈ្នះមីយ៉ាន់ម៉ា
ភ្នំពេញ៖ ក្រោយយកឈ្នះ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ដោយលទ្ធផល ១-០ នៅល្ងាចថ្ងៃទី២៧ ខែកញ្ញានេះ ក្នុងជំនួបពានរង្វាន់ FIFA ASEAN Cup 2026 (Division 2) នៅកីឡដ្ឋាន Kai Tak នាទីក្រុងហុងកុង បានធ្វើឱ្យក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បង្កើនឱកាសឡើងវគ្គផ្ដាច់ព្រ័ត្រ។
ការប្រកួតដំបូងក្នុងពូល B ក្រុមគោព្រៃកម្ពុជា ធ្វើបានយ៉ាងល្អ ក្នុងការគ្រប់គ្រងបាល់ និងបង្កើតឱកាសជាបន្ដបន្ទាប់
តែត្រូវរារាំងដោយរបាំងការពារដ៏រឹងមាំរបស់មីយ៉ាន់ម៉ាម្ដងហើយម្ដងទៀត
ពោលគឺរង់ចាំរហូតដល់ចុងម៉ោង ទើបមានគ្រាប់បាល់កើតឡើង ដែលធ្វើសម្រេចដោយកីឡាករ ស៊ិន
កក្កដា នៅនាទី៩០+៤ បន្ទាប់ពីផ្លាស់ប្ដូរចូលបានប្រមាណ ៥នាទី។
តាមរយៈជ័យជម្នះនេះ បានក្លាយជាដើមទុនដ៏សំខាន់
សម្រាប់ក្រុមជម្រើសជាតិកម្ពុជា ក្នុងដំណើរឆ្ពោះទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ FIFA
ASEAN Cup 2026 (Division 2) ដ្បិតកម្ពុជាមាន ៣ពិន្ទុ
ស្មើមីយ៉ាន់ម៉ា តែនៅសល់ ១ប្រកួតក្នុងដៃ ដោយត្រូវជួបក្រុមជម្រើសជាតិទីម័រខាងកើត
នាថ្ងៃទី៣០ ខែកញ្ញាខាងមុខ។ ការប្រកួតបញ្ចប់ពូលនេះ
កម្ពុជាត្រូវការត្រឹមស្មើប៉ុណ្ណោះ ដើម្បីឡើងទៅវគ្គបន្ដ។
សូមរំឮកថា
ពានរង្វាន់បាល់ទាត់ថ្មីប្រចាំតំបន់អាស៊ាន ដែលរៀបចំ
និងទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ (FIFA) នេះ គឺមានបេក្ខភាព ៦ក្រុមចូលរួម និងបែងចែកជា ២ពូល ក្នុងនោះកម្ពុជា
ស្ថិតក្នុងពូល B ជាមួយមីយ៉ាន់ម៉ា និងទីម័រខាងកើត ខណៈពូលA
គឺមានម្ចាស់ផ្ទះហុងកុង, ឡាវ និងប្រ៊ុយណេ។
ក្រោយចប់វគ្គចែកពូល ក្រុមឈរលេខ១ នៃពូលនីមួយៗ
នឹងត្រូវឡើងទៅជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រតែម្ដង៕

Post a Comment