ក្រុមឧទ្ទាមហ៊ូទីនៅយេម៉ែន អះអាងថា បានបាញ់ទម្លាក់យន្តហោះចម្បាំង F-15 របស់អារ៉ាប៊ីសាអូឌីត

សាណា៖ ក្រុមឧទ្ទាមហ៊ូទី (Houthi) នៅប្រទេសយេម៉ែន បានអះអាងនៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ថា ខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំង F-15 របស់អារ៉ាប៊ីសាអូឌីតចំនួន១គ្រឿង និងដោយប្រើគ្រាប់មីស៉ីលផលិតក្នុងស្រុកផ្ទាល់ ថែមទៀតផង។

អ្នកនាំពាក្យយោធារបស់ហ៊ូទី លោក Yahya Saree បាននិយាយតាមបណ្តាញសង្គមយ៉ាងដូច្នេះថា «កងកម្លាំងប្រដាប់អាវុធយេម៉ែន បានបាញ់ទម្លាក់យន្តហោះ F-15 របស់អារ៉ាប៊ីសាអូឌីត ខណៈយន្តហោះនោះ កំពុងធ្វើប្រតិបត្តិការឈ្លានពាន នៅក្នុងដែនអាកាសនៃខេត្ត Marib»។ លោកបានចោទប្រកាន់អារ៉ាប៊ីសាអូឌីត ថាបានបើកការវាយប្រហារតាមអាកាសសរុបចំនួន ៤៥០លើក។ លោក Saree បានអះអាងថា យន្តហោះចម្បាំងខាងលើ ត្រូវបានកំណត់គោលដៅដោយមីស៉ីលដែលផលិតនៅក្នុងប្រទេសយេម៉ែន​ផ្ទាល់។

អ្នកនាំពាក្យរូបនេះ ក៏បានបដិសេធចំពោះការចោទប្រកាន់របស់អារ៉ាប៊ីសាអូឌីត ដែលថា ក្រុមហ៊ូទីបានកំណត់គោលដៅវាយប្រហារទៅលើទីក្រុង Mecca ដែលជាទីក្រុងពិសិដ្ឋក្នុងសប្តាហ៍នេះ ដោយអះអាងថា ប្រតិបត្តិការរបស់ក្រុមនេះ កំណត់គោលដៅតែទៅលើរោងចក្រប្រេង និងមូលដ្ឋានយោធារបស់អារ៉ាប៊ីសាអូឌីត ដែលស្ថិតនៅឆ្ងាយពីទីកន្លែងសក្ការៈបូជា ប៉ុណ្ណោះ។

សូមជម្រាបថា ក្រុមហ៊ូទីបានបើកការប្រយុទ្ធគ្នាជាថ្មី ជាមួយកងកម្លាំងរដ្ឋាភិបាលយេម៉ែន ដែលមានអារ៉ាប៊ីសាអូឌីតនៅពីក្រោយ ចាប់តាំងពីសង្គ្រាមស៊ីវិលនៅយេម៉ែន បានផ្ទុះឡើងវិញ កាលពីខែកក្កដា។ ក្រុមឧទ្ទាមនេះក៏បានប្រកាសអនុវត្តការបិទផ្លូវសមុទ្រ ចំពោះអារ៉ាប៊ីសាអូឌីតផងដែរ និងបានកំណត់គោលដៅលើនាវារបស់ប្រទេសសេដ្ឋីប្រេងនេះ នៅសមុទ្រក្រហម។

កាលពីសប្តាហ៍មុន ក្នុងប្រតិបត្តិការវាយលុកដ៏លឿនមួយ ហ៊ូទីបានអះអាងថា ខ្លួនកាន់កាប់បានបណ្តោយឆ្នេរសមុទ្រក្រហមទាំងមូល របស់យេម៉ែន និងច្រកសមុទ្រ Bab al-Mandab។ ច្រកសមុទ្រនេះបានក្លាយជាកន្លែងដ៏សំខាន់មួយ សម្រាប់ការនាំចេញប្រេងឆៅរបស់អារ៉ាប៊ីសាអូឌីត ខណៈសង្គ្រាមរាលដាលនៅមជ្ឈិមបូព៌ា បាននិងកំពុងរំខានដល់ការធ្វើចរាចរណ៍តាម ច្រកសមុទ្រ Hormuz នៅខាងតំបន់ឈូងសមុទ្រអារ៉ាប់៕ ប្រភព៖ AFP



 

Powered by Blogger.