អគ្គនាយក CMAC ប្រាប់ប្រធាន UNDP ថា សំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពានកម្ពុជា ប៉ះពាល់ពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ
ភ្នំពេញ ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានថ្លែងប្រាប់ប្រធាន UNDP ថា សំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពានប្រទេសកម្ពុជា បានប៉ះពាល់ប្រជាពលរដ្ឋខ្មែរប្រមាណជា ៩ម៉ឺនគ្រួសារ។
ការថ្លែងប្រាប់របស់ ឯកឧត្តម ហេង រតនា ក្នុងជំនួបពិភាក្សាការងារជាមួយលោក Enrico Gaveglia ប្រធានកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា និងក្រុមការងារ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង UNDP និងCMAC។ឯកឧត្តម អគ្គនាយក CMAC បានរំលឹកថា អង្គភាព CMAC ត្រូវបានបង្កើតឡើងដោយ UN នៅឆ្នាំ១៩៩២ និងក្លាយជាស្ថាបន័ជាតិ នៅឆ្នាំ១៩៩៣ មាន សម្តេច នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាល ជាប្រធានក្រុមប្រឹក្សាភិបាលជារៀងរហូត មកដល់បច្ចុប្បន្ននេះ។ UNDP ជាដៃគូយ៉ាងសំខាន់មួយក្នងការផ្តល់ជំនួយជូនរាជរដ្ឋាភិបាល ដើម្បីគាំទ្រសកម្មភាពបោសសម្អាតមីនរបស់អង្គភាព CMAC។
ក្នុងឱកាសនេះ ឯកឧត្តម អគ្គនាយក CMAC ក៏បានជម្រាបជូនលោក Enrico Gaveglia និងសហការី អំពីផល ប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពានចំពោះប្រជាពលរដ្ឋប្រមាណ ៩ម៉ឺនគ្រួសារ ស្មើនឹងមនុស្សរាយចំនួនប្រមាណជាង ៣៥០.០០០នាក់ ជាពិសេសការរងប៉ះពាល់ខាងសេដ្ឋកិច្ចសង្គមនិងសិទ្ធមូលដ្ឋានដូចជា លំនៅដ្ឋាន សុខសុវត្ថិភាពនិងដីស្រែចម្ការសម្រាប់ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ។ទន្ទឹមនឹងនេះ ក៏បានពិភាក្សាពីលទ្ធភាពពង្រឹងកិច្ចសហការផ្តល់ការហ្វឹកហ្វឺនផ្លាស់ប្តូរបទពិសោធន៍របស់អង្គភាព CMAC ជាអន្តរជាតិផងដែរ៕



Post a Comment