ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់នៅមូលដ្ឋានស្រុកបន្ទាយមាសមានការអភិវឌ្ឍរីកចម្រើនលឿន

 អត្ថបទ៖ ទ្រី ហៀន

ខេត្តកំពត៖ អាជ្ញាធរស្រុកបន្ទាយមាសបានបញ្ជាក់ថា គិតតែក្នុងរយៈពេលពីឆ្នាំចុងក្រោយនេះ សមទ្ធិផលផ្លូវកៅស៊ូ និងផ្លូវបេតុងថ្មីជាច្រើនខ្សែនៅមូលដ្ឋាន បានលេចចេញរូបរាងខ្វាត់ខ្វែង ធ្វើឲ្យមូលដ្ឋានមានភាពស្រស់ស្អាតគួរឲ្យចង់រស់នៅ ងាយស្រួលធ្វើដំណើរ និងសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃឲ្យកាន់តែប្រសើរ។ ប្រជាពលរដ្ឋត្រេកអរយ៉ាងខ្លាំង ក្រោយពេលទទួលបានសមទ្ធិផលផ្លូវថ្នល់ល្អទាំងនេះ។

អភិបាលរងស្រុកបន្ទាយមាស លោក ជួន សុភា បានប្រាប់ឲ្យដឹងថា សម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅស្រុកបន្ទាយមាស នៅឆ្នាំ២០២៥- ២០២៦នេះ គ្រប់មូលដ្ឋានគឺមានផ្លូវល្អ តភ្ជាប់ពីឃុំមួយទៅឃុំមួយ ពីភូមិមួយទៅភូមិមួយទៀត។ ពិសេសផ្លូវបេតុងនៅទូទាំងស្រុក មានប្រវែងប្រមាណជាង៤៨គីឡូម៉ែត្រ ដែលបានដើរតួជាសរសៃឈាម តភ្ជាប់ចរន្តសេដ្ឋកិច្ចនៅក្នុងមូលដ្ឋាន កាត់បន្ថយគម្លាតទីប្រជុំជន និងទីជនបទដាច់ស្រយាល បង្កើតការងារ សម្រួលការធ្វើដំណើរ ការដឹកនាំជញ្ជូនកសិផល ជំរុញជីវភាព និងគុណភាពជីវិតរស់នៅ របស់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យកាន់តែប្រសើរ។

ជាមួយនឹងសមទ្ធិផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ថ្មីៗទាំងនេះ ប្រជាពលរដ្ឋស្រុកបន្ទាយមាសបានសម្តែងសេចក្តីត្រេកអរ និងពេញចិត្តចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួង និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលតែងតែគិតគូរពីសុខទុក្ខ និងធ្វើផ្លូវល្អសម្រាប់ឲ្យ ពួកគាត់ធ្វើដំណើរបានងាយស្រួល ការរស់នៅប្រចាំថ្ងៃកាន់តែមានស៊ីវីឡៃ ។

សូមបញ្ជាក់ថាស្រុកបន្ទាយមាសជាស្រុកមួយដែលមានសក្តានុពលលើវិស័យកសិកម្ម ពិសេសជាស្រុកដែលមានដំណាំស្រូវច្រើនជាងគេ នៅទូទាំងខេត្តកំពត ហើយហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់បានដើរតួសំខាន់ណាស់ ក្នុងសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផលទាំងនោះ ហើយតាមរយៈសមិទ្ធផលផ្លូវថ្នល់នេះ ឈ្មួញអាចចូលមកទិញស្រូវ បន្លែ ត្រីសាច់របស់កសិករមកដល់កន្លែងតែម្តង មិនពិបាករកទីផ្សារលក់នោះទេ៕



 

Powered by Blogger.