ត្រាំ អះអាងថាអ៊ុយក្រែន រុស្ស៉ី យល់ព្រមមិនវាយប្រហារលើរោងចក្រថាមពល
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ បាននិយាយថាអ៊ុយក្រែន និងរុស្ស៉ីបានយល់ព្រមមិនវាយប្រហារលើរោងចក្រថាមពលទៅវិញទៅមក មួយថ្ងៃបន្ទាប់ពីលោកបានរិះគន់ទីក្រុងកៀវជុំវិញការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៉ី។
លោក ត្រាំ
បានគូសបញ្ជាក់ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social ដូច្នេះថា «អ៊ុយក្រែនបានឯកភាពមិនវាយប្រហារដោយកំណត់គោលដៅលើថាមពលរុស្ស៉ី។
ចំណែករុស្ស៉ីក៏បានយល់ព្រមធ្វើដូចគ្នានេះដែរ»។
លោកបន្ថែមថាតម្លៃប្រេងម៉ាស៊ូតរបស់ពិភពលោកបានកើតឡើង
មួយភាគធំបង្កឡើងដោយសង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន មិនមែនដោយសារសង្រ្គាមអ៊ីរ៉ង់នោះទេ។
ការអះអាងរបស់លោក
ត្រាំ កើតមានឡើងចំពេលតម្លៃប្រេងនៅតែបន្តឡើងថ្លៃនៅក្នុងរយៈពេល ៧ខែមកនេះនៃសង្រ្គាមអ៊ីរ៉ង់
ជាហេតុធ្វើឱ្យតម្លៃប្រេងឥន្ធនៈនៅសហរដ្ឋអាមេរិកក៏ឡើងថ្លៃដូចគ្នា ព្រមទាំងអតិផរណា
ខណៈសហរដ្ឋអាមេរិកនឹងត្រូវរៀបចំការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកាខាងមុខ។ លោក
ត្រាំ បានទទូចម្ដងហើយម្ដងទៀតថាសង្រ្គាមអ៊ីរ៉ង់នឹងបិទបញ្ចប់ភ្លាមៗ
នៅក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ ហើយតម្លៃឧស្ម័ន និងឥន្ធនៈនឹងធ្លាក់ចុះ។
កាលពីសប្ដាហ៍មុន លោក ត្រាំ
ក៏បានលើកឡើងផងដែរពីកិច្ចសន្ទនាដ៏អស្ចារ្យជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ
ពូទីន ដោយទទូចថាលោក ពូទីន ចង់ចុះកិច្ចព្រមព្រៀងមួយដើម្បីបិទបញ្ចប់សង្រ្គាមរបស់ទីក្រុងមូស្គូប្រឆាំងនឹងអ៊ុយក្រែន។
ការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានដិសេធធ្វើការអត្ថាធិប្បាយ
ហើយភ្លាមៗក៏មិនទាន់មានប្រតិកម្មអ្វីពីទីក្រុងមូស្គូនោះដែរ។ ព្រមពេលជាមួយគ្នា លោក
ហ្សេលេនស្គី បាននិយាយថារូបលោកចង់ជួបលោក ពូទីន នៅឯកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុង Miami សហរដ្ឋអាមេរិក
នៅខែធ្នូខាងមុខ។ ប៉ុន្តែភ្លាមៗវិមានក្រឹមឡាំងបានចេញមុខច្រានចោល
ហើយបញ្ជាក់ថាកិច្ចប្រជុំបែបនេះអាចប្រព្រឹត្តទៅបានលុះត្រាតែរៀបចំនៅលើទឹកដីរុស្ស៉ី៕

Post a Comment