ទេសរដ្ឋមន្ត្រី ថោង ខុន ដឹកនាំកិច្ចប្រជុំ គ.អ.ទ.ស. ឆ្លងសេចក្តីព្រាង “វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ឆ្នាំ២០២៦-២០២៨”
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ថោង ខុន ទេសរដ្ឋ មន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) បានដឹកនាំកិច្ចប្រជុំដើម្បីឆ្លងសេចក្តីព្រាង “វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដំណាក់កាលទី២ (២០២៦-២០២៨)” ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ឯកឧត្តម ជា បូរ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ (តំណាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគ.អ.ទ.ស.), និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក គ.អ.ទ.ស. និងតំណាងក្រសួង-ស្ថាប័ន រដ្ឋបាលខេត្តពាក់ព័ន្ធ ប្រមាណ៨០នាក់។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យសេចក្តីព្រាងឯកសារវិធានការគន្លឹះដំណាក់កាលទី២
ដែលជាត្រីវិស័យថ្មីមួយដ៏មានសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះមុខ
និងជំរុញកំណើនទេសចរណ៍ខេត្តសៀមរាបឱ្យងើបឡើងវិញប្រកបដោយភាពធន់ និងចីរភាព។
ឯកឧត្តមប្រធានអង្គប្រជុំ បានគូសបញ្ជាក់ថា
ឯកសារនេះត្រូវបានចងក្រងឡើងយ៉ាងយកចិត្តទុកដាក់បំផុត ស្របតាមការចង្អុលបង្ហាញ
និងចក្ខុវិស័យដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេច បវរធិបតី
តែងតែយកចិត្តទុកដាក់ខ្ពស់លើការស្តារ និងអភិវឌ្ឍវិស័យទេសចរណ៍
ដោយចាត់ទុកខេត្តសៀមរាបជាអាទិភាពចម្បង
ដើម្បីប្រែក្លាយទៅជាគោលដៅទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែង ទាក់ទាញ
បង្កើនតម្លៃបន្ថែម និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន។ វិធានការគន្លឹះថ្មីនេះ គឺជាកិច្ចអន្តរាគមន៍បន្ទាន់មួយដែលត្រូវអនុវត្តដោយឈរលើអភិក្រម
“ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” និងទស្សនវិជ្ជាសហថាមភាព
“តំបន់អង្គរជាមេដែកឆក់ស្រូបទាញ រីឯតំបន់ជុំវិញ និងខេត្តតភ្ជាប់ ជាកម្លាំងគាំទ្រ”។
សេចក្តីព្រាងវិធានការគន្លឹះបានដាក់ចេញនូវយុទ្ធសាស្ត្រតម្រង់ទិស
និងគោលដៅយុទ្ធសាស្រ្តចំនួន ៤សំខាន់ៗរួមមាន៖
១. ការយល់ដឹងជាសកល៖ ការផ្សព្វផ្សាយឱ្យស្គាល់ និងទាក់ទាញទេសចរណ៍
តាមរយៈការស្តារ និងកសាងទំនុកចិត្តឡើងវិញ (Build Trust & Confidence) ដើម្បីផ្លាស់ប្តូររូបភាពកម្ពុជានៅលើឆាកអន្តរជាតិ, ការពង្រឹងទីផ្សារដែលមានស្រាប់
និងពង្រីកទីផ្សារថ្មីៗ ដូចជាទីផ្សារឥណ្ឌា ពិសេសការទាក់ទាញភ្ញៀវក្នុងរដូវកាលបៃតង។
២. ការបង្កលក្ខណៈងាយស្រួលក្នុងការរៀបចំដំណើរកម្សាន្ត
ការកក់ទុកមុន ការលើកទឹកចិត្តផ្នែកអាកាសចរណ៍ ដើម្បីទាក់ទាញជើងហោះហើរត្រង់ថ្មីៗ
និងបន្តជំរុញការដោះស្រាយរបាំងធ្វើដំណើរមិនចាំបាច់។
៣. ការផ្តល់ជូនដ៏សម្បូរបែប៖
សម្រួលដល់ដំណើរកម្សាន្តប្រកបដោយភាពកក់ក្តៅ
និងការធ្វើពិពិធកម្មផលិតផលទេសចរណ៍នៅក្នុងតំបន់អាទិភាពទាំង៦នៃខេត្តសៀមរាប មានដូចជា
ការជំរុញសកម្មភាពទេសចរណ៍ពេលរាត្រី ទេសចរណ៍ MICE ព្រឹត្តិការណ៍កីឡាទេសចរណ៍
កសិទេសចរណ៍ ទេសចរណ៍ជនបទ/សហគមន៍ ។ល។
៤. អនុស្សាវរីយ៍ដ៏គួរឱ្យចងចាំ ៖
ការធានានូវដំណើរវិលត្រឡប់ទៅវិញប្រកបដោយការចងចាំល្អ
តាមរយៈការផ្តល់បទពិសោធន៍ដ៏ល្អឥតខ្ចោះ សេវាប្រកបដោយគុណភាព សុវត្ថិភាព អនាម័យ
បដិសណ្ឋារកិច្ចល្អ និងយុទ្ធនាការគោលដៅទេសចរណ៍ស្អាត និងបៃតង
ដើម្បីប្រែក្លាយភ្ញៀវទេសចរឱ្យទៅជាអ្នកជួយផ្សព្វផ្សាយរបស់កម្ពុជា។
អង្គប្រជុំបានធ្វើការពិភាក្សា ផ្តល់យោបល់ និងធាតុចូលយ៉ាងផុលផុស
និងបានឯកភាពគ្នាធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដើម្បីស្តារ និងកសាងទំនុកចិត្ត (Build
Trust & Confidence) កសាងកេរ្តិ៍ឈ្មោះឡើងវិញ
និងផ្លាស់ប្តូររូបភាពរបស់កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព និងផ្តល់ភាពកក់ក្តៅ
(Safe and Warm Tourist Destination) ដែលជាលទ្ធផលដ៏ល្អបន្ទាប់ពីរាជរដ្ឋាភិបាល
ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី
បានដាក់ចេញនូវយុទ្ធនាការបោសសម្អាតអំពើឆបោកតាមអនឡាញ (Online Scams)។ អង្គប្រជុំក៏បានឯកភាពគ្នាលើការបន្តជំរុញអភិវឌ្ឍសមត្ថភាពមូលធនមនុស្សលើជំនាញវិជ្ជាជីវៈទេសចរណ៍
ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម និងបដិសណ្ឋារកិច្ចទេសចរណ៍។
ជាលទ្ធផល
អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋាន គ.អ.ទ.ស.
និងបានគាំទ្រទាំងស្រុងលើសេចក្តីពា្រង “វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ
ដំណាក់កាលទី២ (២០២៦-២០២៨)” ហើយលេខាធិការដ្ឋាន គ.អ.ទ.ស.
នឹងរៀបចំកែសម្រួលឯកសារចុងក្រោយ ដោយបញ្ចូលធាតុចូលមួយចំនួនពីក្រសួងស្ថាប័នពាក់ព័ន្ធ
និងគោរពដាក់ជូន សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី មេត្តាពិនិត្យ
និងសម្រេចដ៏ខ្ពង់ខ្ពស់ នាពេលដ៏ខ្លីខាងមុខ។
អង្គប្រជុំរំពឹងយ៉ាងមុតមាំថា
ការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការគន្លឹះនេះ
នឹងអាចស្រូបទាញភ្ញៀវទេសចរអន្តរជាតិមកកាន់ខេត្តសៀមរាបឱ្យបានប្រមាណ ២លាននាក់
និងភ្ញៀវទេសចរជាតិឱ្យបានប្រមាណ ៣លាននាក់ នៅឆ្នាំ២០២៨។
គួរបញ្ជាក់ថា វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដំណាក់កាលទី២
(២០២៦-២០២៨)
ត្រូវបានទាញយកមូលដ្ឋានគ្រឹះពីវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរឆ្នាំ២០២៥
និងខ្លឹមសារនៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥៕


Post a Comment