ពេលប្រឈមនឹងគ្រោះមហន្តរាយធម្មជាតិ កិច្ចសហប្រតិបត្តិការទើបជាជម្រើសដ៏ត្រឹមត្រូវ

បរទេស៖ ខណៈពេលដែលមនុស្សជាតិប្រឈមមុខនឹងគ្រោះមហន្តរាយធម្មជាតិដ៏ធ្ងន់ធ្ងរ តើយើងគួរចាប់ដៃគ្នាដើម្បីជម្នះឧបសគ្គឬចោទប្រកាន់គ្នាដោយគ្មានមូលហេតុ? ចម្លើយគឺច្បាស់ណាស់ មានតែការរួមសាមគ្គីគ្នាទើបអាចប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយដោយទាន់ពេលវេលានិងចាត់ចែងការងារពាក់ព័ន្ធឱ្យបានសមរម្យ។ តួយ៉ាងដូចជាករណីគ្រោះរអិលបាក់ដីនៅនេប៉ាល់ហើយបង្កផលប៉ះពាល់ដល់តំបន់ជាប់ព្រំដែននៃប្រទេសចិនដែលកើតឡើងកាលពីពេលថ្មីៗកន្លងទៅនេះ ក្រោមកិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសទាំងពីរចិននិងនេប៉ាល់ តំបន់រងគ្រោះបាននិងកំពុងស្តារឡើងវិញជាបន្តបន្ទាប់ហើយ។

តាម​ក្រសួង​ធនធាន​ធម្មជាតិ​ចិន​ឱ្យ​ដឹង​ថា គ្រោះមហន្តរាយរអិលបាក់ដីលើក​នេះ ជាគ្រោះមហន្តរាយបែប​ខ្សែសង្វាក់ដែល​បណ្តាល​មក​ពី​ការរអិលបាក់ផ្ទាំងទឹកកកនៅរយៈកម្ពស់ខ្ពស់នៅក្នុង​ប្រទេសនេប៉ាល់ ហើយបន្ទាប់មកបានវិវត្តទៅជាគ្រោះមហន្តរាយរអិលបាក់ដី។ 

លោក Guo Zhaocheng អ្នកជំនាញការខាងភូគព្ភសាស្ត្ររបស់ប្រទេស​ចិន​បានថ្លែងថា តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​និង​វិភាគរបស់​អ្នក​ជំនាញការ ​ និងតាមរយៈរូបភាពភ្លឺច្បាស់ដែលថត​ពីចម្ងាយ​បាន​បង្ហាញថា ផ្ទាំងទឹកកកដ៏ធំនៅផ្នែកខាងលើនៃទន្លេ Cuojian ដែលជាដៃទន្លេមួយនៃទន្លេ Donglin Zangbo ក្នុងប្រទេសនេប៉ាល់ ដែល​ស្ថិតនៅ​ផ្នែកខាងលើនៃច្រក​ព្រំដែន​ Gyirong របស់ចិន បានបាក់រលំនៅរយៈកម្ពស់​ប្រហែល៥.២​០០ ​ម៉ែត្រ ហើយហូរធ្លាក់ចុះយ៉ាងលឿនដល់រយៈកម្ពស់ប្រហែល​៤.០០០ ម៉ែត្រ ដែល​បង្កើតបាន​ជា​ការរអិល​បាក់​ដី​ដ៏ធំមួយ ហើយគ្របសង្កត់ទៅលើ​ច្រក​ព្រំដែន​ Gyirong នៃភូមិភាគ​ស្វយ័ត ​Xizang ដែល​មាន​រយៈកម្ពស់​ប្រ​ហែ​ល​១.៨០០ ម៉ែត្រ ហើយបង្កជាការបំផ្លិចបំផ្លាញដល់ផ្ទៃដីទំហំ​ប្រហែល​០,៧ គីឡូ​ម៉ែត្រ​កា​រ៉េ អគារចំនួន២៧ ខ្នង​និង​បរិក្ខារផ្សេងៗ។

គួររម្លឹកថា បន្ទាប់ពីកើតមានគ្រោះមហន្តរាយ រដ្ឋបាលតំបន់ ​Xizang និងរដ្ឋាភិបាលចិនបានចាត់បញ្ចូនក្រុមភ្នាក់ងារ ជួយសង្គ្រោះឱ្យទៅកាន់កន្លែងកើតហេតុភ្លាមៗ ដើម្បីជួយសង្គ្រោះជនរងគ្រោះឱ្យទាន់ពេលវេលា។ ជាពិសេស ការងារស្វែងរកនិងជួយសង្គ្រោះមិនមែនធ្វើឡើងតែក្នុងដែនដីចិនប៉ុណ្ណោះទេ ប៉ុន្តែក៏បានសហការជាមួយភាគីនេប៉ាល់ ដើម្បីជួយនេប៉ាល់ទប់ទល់នឹងគ្រោះមហន្តរាយផងដែរ។

អ្វីដែលគួរឱ្យកត់សម្គាល់ គឺរដ្ឋាភិបាលចិនបានចាត់ទុកការងារជួយសង្គ្រោះអាយុជីវិតប្រជាជនជាអាទិភាពបំផុតមិនថាជាប្រជាជនចិនឬបរទេសនោះទេ ពោលគឺពេលប្រឈមមុខនឹងគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ អ្វីដែលត្រូវធ្វើគឺសហការគ្នាដើម្បីឆ្លើយតបនឹងបញ្ហា តែមិនមែ​នទម្លាក់កំហុសលើខាងណានោះទេ។

ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា គ្រោះមហន្តរាយធម្មជាតិវាមិនបែងចែកថាជាដែនដីរបស់ប្រទេសណានោះទេ ឱ្យតែកើតឡើងវាសុទ្ធតែជាគ្រោះអកុសលរបស់មនុស្សយើង។ គេតែងសង្កេតឃើញថា មិនថាតំបន់ឬប្រទេសណាដែលកើតមានគ្រោះមហន្តរាយធម្មជាតិនោះទេ ឱ្យតែមានតម្រូវការ ប្រទេសចិនរមែងតែធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកជួយសង្គ្រោះនិងផ្តល់ជំនួយតាមលទ្ធភាព តួយ៉ាងដូចជាក្នុងករណីរអិលបាក់ដីលើកនេះ រដ្ឋាភិបាលចិនបានផ្តល់សម្ភារៈជំនួយដល់រដ្ឋាភិបាលនេប៉ាល់ចំនួន៤ លើករួចមកហើយ នេះជាការអនុវត្តជាក់ស្តែងរបស់ប្រទេសចិនដែលរួមសុខរួមទុក្ខជាមួយប្រទេសជិតខាង។

បច្ចុប្បន្ន ការប្រែប្រួលអាកាសធាតុបានក្លាយជាបញ្ហាប្រឈមរួមរបស់ពិភពលោក ដែលតែងបង្កជាគ្រោះមហន្តរាយធម្មជាតិផ្សេងៗ។ អង្គការសហប្រជាជាតិបានដាក់ចេញគោលដៅអភិវឌ្ឍន៍ដោយចីរភាពដែលផ្តោតលើការអភិវឌ្ឍបៃតងនិងកាបូនទាប។ ជានិច្ចការ ប្រទេសចិនតែងតែគាំទ្រតួនាទីជាស្នូលរបស់អង្គការសហប្រជាជាតិដែលជាវេទិកាពហុភាគីដ៏ធំបំផុតរបស់ពិភពលោកតាមរយៈការអនុវត្តជាក់ស្តែង ហេតុនេះ ដើម្បីចូលរួមយ៉ាងសកម្មជាមួយគោលដៅរបស់អង្គការសហប្រជាជាតិ ប្រទេសចិនបានដាក់ចេញ«គោលដៅកាបូនពីរ» ពោលគឺគោលដៅសម្រេចបាននូវការកាត់បន្ថយកាបូនពេលឡើងដល់ចំណុចកំពូលនៅមុនឆ្នាំ២០៣០ និងគោលដៅអព្យាក្រឹតភាពកាបូននៅមុនឆ្នាំ២០៦០ ដែលបានរួមចំណែកយ៉ាងសំខាន់សម្រាប់ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុសកល។

ជារួម គ្រោះមហន្តរាយរអិលបាក់ដីលើកនេះគ្រាន់តែជាបច្ច័យអាក្រក់មួយដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុតែប៉ុណ្ណោះ ពោលគឺភពផែនដីយើងមានសភាពផុយស្រួយណាស់នៅពេលប្រឈមនឹងគ្រោះមហន្តរាយដែលបង្កឡើងដោយធម្មជាតិឬមនុស្ស។ បើចង់ថែរក្សាភពផែនដីឱ្យបានស្រស់ស្អាតនិងគង់វង្ស ជម្រើសដែលត្រឹមត្រូវបំផុតគឺការរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីបង្កើតជាសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ ដែលអាចរួមកម្លាំងគ្នាឆ្លើយតបនឹងបញ្ហាប្រឈមរួមគ្រប់បែបយ៉ាង៕ អត្ថបទដោយ៖ លោក តាំង ស៊ីឡេង, បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន







Powered by Blogger.