ភាព​អស្ចារ្យ​នៃ «ស្លែ» ដុះ​នៅ​លើ​ថ្ម​ប្រាសាទ​បុរាណ​ ​ធ្វើ​ឱ្យ​រូប​ចម្លាក់​ថ្មហាក់​ដូច​មាន​ជីវិត​​

ខេត្តសៀមរាប៖ ក្នុង​​​រដូវ​វស្សា​ដែល​មាន «ស្លែ» ដុះ​នៅ​លើ​ថ្ម​​នៃ​ប្រាសាទ​បុរាណ​នានា ​បង្កើត​​ឱ្យ​ឃើញ​ពណ៌​បៃតង​ ហាក់​បី​​ដូច​ជា​ត្បូង​មក៌ត​ បាន​ធ្វើ​ឱ្យ​សម្រស់​របស់​ប្រាសាទ​ស្អាត​ប្លែក​ម្យ៉ាង​​ ក្នុង​ការ​ទាក់​ទាញ​អារម្មណ៍​និង​ភ្នែក​អ្នក​ទេសចរ ​ដ៏​គួរ​ឱ្យ​ចាប់​ចិត្ត​​មួយ​ផ្នែក​​។

ជា​រៀង​រាល់​ថ្ងៃ​ មាន​អ្នក​ទេសចរ​ខ្លះ ​បាន​ចាប់​អារម្មណ៍​ និងចំណាយ​ពេល​​​ទៅ​ទស្សនា​​រូប​ចម្លាក់​​​មួយ​ចំនួន ដែល​ស្លែ​បាន​​ដុះ​រុំជិត​ ​បង្កើត​ឱ្យ​មាន​ពណ៌​បៃតង​ ដោយ​ពួក​គេ​បាន​ថត​រូប​ភាព​​យ៉ាង​ច្រើន​​ទុក​ជា​អនុស្សាវរីយ៍​​។
«ស្លែ» ដែល​ដុះ​រុំ​លើ​ផ្ទាំង​ថ្មប្រាសាទ​បុរាណ ​មិន​ត្រឹម​តែ​បង្កើត​ជា​ទស្សនីយភាព​ថ្មី ​ឱ្យ​មាន​ការ​ទាក់​ទាញ និង​ចាប់​អារម្មណ៍​ប៉ុណ្ណោះ​ទេ ​គឺ​វា​ថែម​ទាំង​មាន​ប្រយោជន៍​ជាច្រើនផង​ដែរ។​​​​​​​
អ្ន​កជំនាញ​ផ្នែក​អភិរក្ស​ថ្ម​​​បុរាណ​ បាន​​ពន្យល់​ថា​ ស្លែ​ធម្មជាតិ​ ​ដុះនៅ​លើ​ថ្ម​ប្រាសាទ​បុរាណ​​ ​គឺ​​ជា​ប្រភព​នៃ​​ភាព​អស្ចារ្យ ​និង​​​ការពារ​ពីកម្តៅ និងជួយបន្សុទ្ធខ្យល់ក្នុងអាកាស។
ហើយបច្ចុប្បន្ននេះ ក្រុងធំៗលើពិភពលោកកំពុងបណ្ដុះស្លែដាក់ឱ្យជួយបរិស្ថានក្នុងក្រុង។ តែយើងមានសំណាង ដែលវាបានដុះរស់នៅលើថ្ម មិនថា ខែវស្សា ឬប្រាំង បើទោះរដូវប្រាំង ក៏វានៅតែដើរតួនាទីជាស្រទាប់កាត់បន្ថយកម្តៅមកលើថ្មដែរ។
សូមភ្ញៀវជាតិ និងអន្តរជាតិអញ្ជើញមកទស្សនាស្លែ​ពណ៌​បៃតង​ខ្ចី ​ដុះនៅ​លើ​ថ្ម​កំពុង​ជួយ​ឱ្យ​រមណីយដ្ឋាន​អង្គរ ​ដែល​សម្បូរដោយ​​ប្រាសាទ​បុរាណ​មាន​ភាព​ទាក់​ទាញ ​បង្កើត​ជា​​ទេសភាព​​ស្រស់​បំព្រង ​និង​មាន​ភាព​រស់​រវើក​ក្នុង​រដូវ​ភ្លៀង​នេះ​៕















Powered by Blogger.