សម្តេចធិបតី ៖ រោងចក្រផ្គុំ និងដំឡើងរថយន្ត ជួយកាត់បន្ថយការនាំចូល ផលិតផលសម្រេចពីខាងក្រៅ

ភ្នំពេញ ៖ សម្តេចធិបតីមានប្រសាសន៍ថា រោងចក្រផ្គុំ និងដំឡើងរថយន្ត បានចូលរួមចំណែក ជួយកាត់បន្ថយការនាំចូល ផលិតផលសម្រេចពីខាងក្រៅ ជំនួសមកវិញនូវការផលិត ផ្គុំក្នុងស្រុករក្សាបាននូវរូបិយបណ្ណបរទេស។

ថ្លែងនាឱកាសអញ្ជើញជាអធិបតី “សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង និងខ្សែសង្វាក់ផលិតកម្មម៉ាក GAC” នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ការរោងចក្រផ្គុំ និងដំឡើងរថយន្ត បានជួយកាត់បន្ថយការនាំចូលផលិតផលសម្រេចពីខាងក្រៅជំនួសមកវិញនូវការផលិត ផ្គុំក្នុងស្រុករក្សាបាននូវរូបិយបណ្ណបរទេស និងបង្កើនតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស ព្រោះបើយើងនាំចូលមក យើងបង់តែលុយៗទាំងអស់នៅក្រៅ ទាំងលុយសម្រាប់ពលកម្មជាដើម ប៉ុន្ដែយើងដំឡើងនៅក្នុងស្រុកមួយផ្នែកថវិកាចូលទៅដល់បុគ្គលិកក្នុងស្រុករបស់យើង។

សម្ដេចធិបតី បញ្ជាក់ទៀតថា ការបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តនៅក្នុងស្រុក មិនត្រឹមតែបង្កើតការងារដល់ពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្ដែបានផ្ទេរជំនាញ និងចំណេះដឹងទៅដល់កូនខ្មែរ ខណៈកូនខ្មែរនឹងក្លាយជាអ្នកប្រតិបត្តិ និងជាអ្នកបញ្ជាម៉ាស៊ីនដោយផ្ទាល់៕



Powered by Blogger.