រដ្ឋមន្ត្រី ហួត ហាក់៖ គុណភាពបង្កើតទំនុកចិត្ត ទំនុកចិត្តបង្កើតតម្លៃ ហើយតម្លៃនឹងនាំឱ្យទេសចរណ៍កម្ពុជាមានសមត្ថភាពប្រកួតប្រជែងខ្ពស់
ភ្នំពេញ៖ នៅទីស្តីការក្រសួងទេសចរណ៍, រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលាផ្សព្វផ្សាយចំណាត់ថ្នាក់សេវាកម្មទេសចរណ៍ក្នុងរដូវកាលបៃតង ឆ្នាំ២០២៦» ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង តំណាងរដ្ឋបាលរាជធានីភ្នំពេញ មន្ទីរទេសចរណ៍រាជធានី-ខេត្ត សមាគមឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ប្រមាណ ៤០០នាក់។
សិក្ខាសាលានេះត្រូវបានរៀបចំឡើង ដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីស្តង់ដា វិធានការ និងលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃចំណាត់ថ្នាក់សេវាកម្មទេសចរណ៍ ព្រមទាំងជំរុញមូលដ្ឋានអាជីវកម្មទេសចរណ៍ឱ្យបន្តកែលម្អគុណភាពផលិតផល និងសេវាកម្ម ស្របតាមស្តង់ដាជាតិ និងអន្តរជាតិ ពោលគឺការផ្តល់ចំណាត់ថ្នាក់ត្រូវធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ការគោរព និងអនុវត្តស្តង់ដា មិនមែនគ្រាន់តែជាការបំពេញកាតព្វកិច្ចតាមបទប្បញ្ញត្តិប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគលើទំនុកចិត្តរបស់ភ្ញៀវ លើកេរ្តិ៍ឈ្មោះរបស់អាជីវកម្ម និងលើតម្លៃនៃម៉ាកទេសចរណ៍កម្ពុជាក្នុងរយៈពេលវែង ជាក់ស្តែងបើយើងចង់បានភ្ញៀវកម្រិតខ្ពស់ យើងត្រូវមានសេវាកម្មកម្រិតខ្ពស់»។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា នៅក្នុងបរិបទដែលការប្រកួតប្រជែងក្នុងវិស័យទេសចរណ៍កាន់តែខ្លាំង «គុណភាព និងស្តង់ដា» គឺជាលក្ខខណ្ឌចាំបាច់សម្រាប់កសាងទំនុកចិត្ត រក្សាកេរ្តិ៍ឈ្មោះគោលដៅទេសចរណ៍ និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ក្រៅពីធនធានធម្មជាតិ វប្បធម៌ និងបេតិកភណ្ឌដ៏សម្បូរបែប កម្ពុជាត្រូវធានាថា រាល់សេវាកម្មដែលផ្តល់ជូនភ្ញៀវ មានគុណភាព សុវត្ថិភាព អនាម័យ វិជ្ជាជីវៈ និងស្តង់ដាច្បាស់លាស់។
ដើម្បីជំរុញគុណភាពសេវាកម្មឱ្យមានភាពស៊ីចង្វាក់ និងឆ្លើយតបនឹងការរំពឹងទុករបស់ទីផ្សារ ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចថា ក្រសួងទេសចរណ៍បានដាក់ឱ្យអនុវត្តគោលការណ៍ណែនាំ និងស្តង់ដាជាតិចំនួន ១៤ ព្រមទាំងជំរុញការអនុវត្តគោលការណ៍ណែនាំ និងស្តង់ដាអាស៊ានចំនួន ៩ ដែលគ្របដណ្តប់លើសេវាស្នាក់នៅ ភោជនីយដ្ឋាន ស្ប៉ា និងម៉ាស្សា សហគមន៍ទេសចរណ៍ ទេសចរណ៍ផ្សងព្រេង ទីក្រុងទេសចរណ៍ស្អាត និងសេវាកម្មពាក់ព័ន្ធជាច្រើនទៀត។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ឱ្យពង្រឹងសមត្ថភាពស្ថាប័ន អភិវឌ្ឍធនធានមនុស្ស លើកកម្ពស់ជំនាញវិជ្ជាជីវៈ និងចូលរួមប្រកួតប្រជែងវាយតម្លៃស្តង់ដានៅកម្រិតអាស៊ាន និងអន្តរជាតិ។ ក្រសួងទេសចរណ៍នឹងបន្តធ្វើជាដៃគូគាំទ្រ និងសម្របសម្រួលជាមួយវិស័យឯកជន ដើម្បីបង្កើនឱកាសទទួលស្គាល់គុណភាពសេវាកម្មទេសចរណ៍កម្ពុជានៅលើឆាកតំបន់ និងពិភពលោក។
បញ្ជាក់បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងសង្កត់ធ្ងន់ថា សិក្ខាសាលានេះក៏ជាវេទិកាសម្រាប់ការផ្លាស់ប្តូរចំណេះដឹង បទពិសោធ និងឧត្តមានុវត្តន៍ល្អៗ រវាងស្ថាប័នរដ្ឋ វិស័យឯកជន និងភាគីពាក់ព័ន្ធ ក្នុងស្មារតី «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ និងរួមគ្នាទទួលផល» ដើម្បីរួមចំណែកកសាងកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព សុវត្ថិភាព និងស្តង់ដាខ្ពស់៕







Post a Comment