នាយិកាថ្មីនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ បញ្ជាក់ជំហរបន្តវិនិយោគ និងគាំទ្រកំណែទម្រង់វិស័យទឹកស្អាត

ភ្នំពេញ៖ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកស្រី Laetitia Habchi នាយិកាប្រចាំប្រទេសកម្ពុជា ដែលទើបតែងតាំងថ្មី របស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើកំណែទម្រង់វិស័យទឹកស្អាត រួមទាំងការពង្រឹងការអនុវត្តច្បាប់ ការលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិករ ការផ្តល់ហិរញ្ញប្បទានដល់វិស័យឯកជន និងសន្តិសុខរយៈពេលវែងសម្រាប់វិស័យ។

ក្នុងជំនួបនេះ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា AFD គឺជាដៃគូដ៏រឹងមាំនិងយូរអង្វែងរបស់កម្ពុជា ក្នុងវិស័យទឹកស្អាត ប៉ុន្តែវិស័យនេះត្រូវការកំណែទម្រង់ និងការវិនិយោគជាច្រើនបន្ថែមទៀត ខណៈដែលកម្ពុជាកំពុងខិតខំពង្រីកសេវាទឹកស្អាតដែលមានសុវត្ថិភាព និងអាចទុកចិត្តបាន ព្រមទាំងពង្រឹងប្រសិទ្ធភាពរបស់ប្រតិបត្តិករទាំងសាធារណៈ និងឯកជន។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា «យើងសម្រេចបានសមិទ្ធផលជាច្រើនរួមគ្នា ប៉ុន្តែបញ្ហាប្រឈមនៅពេលខាងមុខ នៅមានច្រើនដែលត្រូវដោះស្រាយ ជាពិសេសធ្វើយ៉ាងណាឱ្យកម្ពុជាសម្រេចបានគោលដៅនានាដែលបានកំណត់»។

ជាផ្នែកមួយនៃការកែទម្រង់វិស័យ និងពង្រឹងការអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងទឹកស្អាត រាជរដ្ឋាភិបាលបានអនុញ្ញាតិ ឱ្យបង្កើតនិយ័តករទឹកស្អាត ដោយបច្ចុប្បន្ន ក្របខ័ណ្ឌបទប្បញ្ញតិ្ត និងស្ថាប័ន កំពុងត្រូវបានរៀបចំ ។ កំណែទម្រង់នេះនឹងតម្រូវឱ្យប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតអនុវត្តស្តង់ដាខ្ពស់ និងបង្កើនការវិនិយោគ ដែលនឹងទាមទារហិរញ្ញប្បទានកាន់តែច្រើន។

លោកស្រី Habchi ដែលបានចូលកាន់តំណែង ជានាយិកាទីភ្នាក់ងារ AFD ប្រចាំកម្ពុជា នៅខែកញ្ញា បន្ទាប់ពីបំពេញការងារនៅប្រទេសម៉ូរីស និងសីស្ហែល បានលើកឡើងថា៖ “ទឹកគឺជាវិស័យសំខាន់របស់ AFD នៅកម្ពុជា ហើយទៅមុខទៀតក៏នឹងបន្តជាវិស័យគន្លឹះ ដូច្នេះយើងនឹងបន្តធ្វើការជាមួយក្រសួង។”

លោកស្រី បានបន្ថែមថា AFD នឹងលើកទឹកចិត្ត Proparco ដែលជាបុត្រសម្ព័ន្ធផ្នែកឯកជនរបស់ខ្លួន ឱ្យបន្តគាំទ្រកំណែទម្រង់ និងការវិនិយោគឯកជន ក្នុងវិស័យនេះ។

ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការត្រៀមចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួចរបស់កម្ពុជា នៅឆ្នាំ២០២៩ និងផលប៉ះពាល់ ដែលអាចកើតមានលើហិរញ្ញប្បទានសម្បទាន ខណៈដែលវិស័យទឹកស្អាត នឹងបន្តត្រូវការការវិនិយោគ យ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ៕





 

 

Powered by Blogger.