នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ ហ្វឹកហ្វឺនជាស្នូលសំខាន់ ដើម្បីឆ្លើយតបនឹងសង្គ្រាមសម័យទំនើប
ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គវិក្រឹតការបញ្ជាការ-សេនាធិការវិស្វកម្មជំនាន់ ទី៥ និងបើកវគ្គហ្វឹកហ្វឺនជំនាញវិស្វកម្មចំនួន៥វគ្គ ឆ្នាំ២០២៦-២០២៧ នៅវិទ្យាស្ថានវិស្វកម្មមរតកតេជោ-ធិបតី។
ក្នុងឱកាសនោះ ឯកឧត្តម
បានកោតសរសើរចំពោះកិច្ចខិតខំ និងការសហការរបស់ថ្នាក់ដឹកនាំកងវិស្វកម្ម
និងស្ថាប័នពាក់ព័ន្ធ ដែលបានធ្វើឱ្យការហ្វឹកហ្វឺនប្រព្រឹត្តទៅតាមផែនការ
និងរួមចំណែកដល់បុព្វហេតុការពារជាតិ។ ឯកឧត្តម ក៏បានលើកសរសើរពីសាមគ្គីភាព
ឯកភាពផ្ទៃក្នុង សមត្ថភាព និងការគោរពប្រតិបត្តិតាមបទបញ្ជារបស់កងវិស្វកម្ម
ក្នុងការចូលរួមបោះបង្គោលព្រំដែន និងកសាងបណ្តាញផ្លូវក្រវ៉ាត់ព្រំដែន
ដើម្បីរួមចំណែកកសាងព្រំដែនឱ្យក្លាយជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ
និងការអភិវឌ្ឍ។
ឯកឧត្តម បានគូសបញ្ជាក់ថា
ហេដ្ឋារចនាសម្ព័ន្ធតាមខ្សែក្រវ៉ាត់ព្រំដែនមានសារៈសំខាន់ជាយុទ្ធសាស្ត្រផ្នែកនយោបាយ
សេដ្ឋកិច្ច សន្តិសុខ និងយោធា
ព្រមទាំងបង្កលក្ខណៈឱ្យប្រជាពលរដ្ឋទៅរស់នៅតាមតំបន់ព្រំដែនកាន់តែច្រើន
និងរួមចំណែកពង្រឹងខឿនការពារជាតិរបស់ប្រជាជន។
ជាមួយគ្នានេះ ឯកឧត្តម
បានសង្កត់ធ្ងន់លើការបន្តកំណែទម្រង់វិស័យការពារជាតិ ជាពិសេសការងារហ្វឹកហ្វឺន
ដែលជាស្នូលនៃការកសាងកងទ័ពរឹងមាំ។ កិច្ចការអាទិភាព៣ រួមមាន៖ ទី១
ទំនើបកម្មរចនាសម្ព័ន្ធ, ទី២ ទំនើបកម្មគ្រឿងបំពាក់
និងទី៣ ទំនើបកម្មការងារហ្វឹកហ្វឺន ដើម្បីឆ្លើយតបនឹងការវិវឌ្ឍនៃយុទ្ធវិធី
និងបច្ចេកវិទ្យាសង្គ្រាមសម័យទំនើប។
ឯកឧត្តម បានណែនាំឱ្យបន្តលើកកម្ពស់គុណភាពហ្វឹកហ្វឺន
អភិវឌ្ឍសាលា និងទីលានហ្វឹកហាត់ ពង្រឹងសមត្ថភាពយោធាចារ្យ
និងធ្វើបច្ចុប្បន្នភាពកម្មវិធី ឯកសារហ្វឹកហ្វឺន
ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត
ដើម្បីអភិវឌ្ឍធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទឱ្យកាន់តែទំនើប និងមានប្រសិទ្ធភាព។
ជាចុងក្រោយ ឯកឧត្តម
បានផ្តាំផ្ញើដល់សិក្ខាកាមដែលបានបញ្ចប់វគ្គ ឱ្យយកចំណេះដឹង
និងបទពិសោធន៍ទៅអនុវត្តក្នុងអង្គភាព បន្តសិក្សាស្រាវជ្រាវ
និងអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ។ ចំពោះសិក្ខាកាមដែលចូលរៀនវគ្គថ្មី ត្រូវខិតខំតស៊ូ
ពុះពារការលំបាក ក្រេបជញ្ជក់ចំណេះដឹង និងបទពិសោធន៍ពីយោធាចារ្យ
ដើម្បីសម្រេចបានជោគជ័យក្នុងការហ្វឹកហ្វឺន៕






Post a Comment