ថ្នាក់ដឹកនាំស្រុកកំពង់ត្រាច អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៣ នៅវត្តកំពូលមាស ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន និងវីរយុទ្ធជនពលីដើម្បីជាតិ

អត្ថបទ៖ ទ្រី ហៀន

ខេត្តកំពត៖​ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច និងភរិយា លោកស្រី ហាយ សុវណ្ណារី ប្រធានកិត្តិយសអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុក នាព្រឹកថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំមមី ឆស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំប្រតិភូថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៣ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តកំពូលមាស ស្ថិតក្នុងឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
​
អញ្ជើញអមដំណើរនាឱកាសនោះ រួមមាន៖ លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក, លោក លោកស្រី អភិបាលរងស្រុក, លោកនាយករដ្ឋបាល, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, ប្រធាន-អនុប្រធានការិយាល័យ-អង្គភាពជុំវិញស្រុក ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ 

​ក្នុងស្មារតីលើកស្ទួយប្រពៃណីព្រះពុទ្ធសាសនា និងទម្លៀមទម្លាប់ជាតិ លោកអភិបាលស្រុក និងភរិយា ព្រមទាំងក្រុមការងារ បាននាំយកនូវទេយ្យទាន និងបច្ច័យមួយចំនួន ដើម្បីវេរប្រគេនជូនព្រះសង្ឃ និងចែកជូនលោកតាជី លោកយាយជី រួមមាន៖ អង្ករ៖ ១០០ គីឡូក្រាម, ទឹកបរិសុទ្ធ៖ ៤កេស, ​មី៖ ២ កេស, ​ត្រីខ៖ ២ យួរ, ​ទឹកស៊ីអ៊ីវ៖ ២ យួរ, បច្ច័យប្រគេនព្រះសង្ឃសរុប៖ ១,៤០០,០០០ រៀល និង​បច្ច័យជូនលោកតាជី លោកយាយជីសរុប៖ ២០០,០០០ រៀល។

ពិធីបុណ្យកាន់បិណ្ឌនេះ ត្រូវបានរៀបចំឡើងយ៉ាងកក់ក្តៅ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា និងញាតិកាទាំងប្រាំពីរសណ្ដាន ដែលបានចែកឋានទៅកាន់បរលោក និងជាពិសេស ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ពជួរមុខកម្ពុជា ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ និងពលីជីវិតក្នុងសមរភូមិ ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងធានានូវសុខសន្តិភាព ជូនប្រជាពលរដ្ឋរស់នៅយ៉ាងសុខសាន្តជានិរន្តរ៍៕













Powered by Blogger.