ទឹកជំនន់នៅថៃ សម្លាប់មនុស្សកើនដល់២៣នាក់ និងបង្កការខូចខាតសេដ្ឋកិច្ចរាប់រយលានដុល្លារ

បាងកក៖ រដ្ឋាភិបាលថៃ នៅថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា មនុស្ស៤នាក់ បានបាត់បង់ជីវិតនៅទីក្រុងបាងកក បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បានបង្កឱ្យមានទឹកជំនន់យ៉ាងពាសពេញ ខណៈចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេស គិតចាប់តាំងពីពាក់កណ្តាលខែកញ្ញា បានកើនដល់ ២៣នាក់។

នាយកដ្ឋានទប់ស្កាត់ និងកាត់បន្ថយគ្រោះមហន្តរាយរបស់ថៃ DDPM បានរាយការណ៍ថា ប្រជាជនប្រមាណ ៧០០ ០០០ នាក់ បានរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ នៅក្នុងរាជធានីបាងកក។ ផ្នែកខ្លះនៃទីក្រុងបាងកក កំពុងបន្តជន់លិចនៅឡើយនាថ្ងៃអង្គារនេះ គឺ៣ថ្ងៃបន្ទាប់ពីអាជ្ញាធរ បានប្រកាសគ្រោះមហន្តរាយទឹកជំនន់នៅទូទាំងទីក្រុង ក្រោយភ្លៀងធ្លាក់ជាប់គ្នាអស់រយៈពេលជិត ៤៨ម៉ោង កាលពីសប្តាហ៍មុន។ ទោះបីទឹកបានចាប់ផ្តើមស្រកចុះទៅវិញក៏ដោយ សាលារៀននៅតែបិទទ្វារសម្រាប់ថ្ងៃទី២ ខណៈមនុស្សជិត ៧០០០នាក់ ក៏កំពុងបន្តស្នាក់នៅតាមមណ្ឌលជ្រកកោនបណ្តោះអាសន្ន ២៣០កន្លែង នៅទូទាំងទីក្រុង ។

ក្នុងសេចក្តីថ្លែងការណ៍ DDPM បាននិយាយថា ទឹកជំនន់បានវាយប្រហារខេត្តចំនួន២៩ ក្នុងចំណោមខេត្តទាំង៧៧ របស់ប្រទេសថៃ។ គ្រោះទឹកជំនន់ បានបណ្តាលឱ្យមនុស្ស ៤នាក់ ស្លាប់នៅទីក្រុងបាងកក, ៨នាក់នៅខេត្ត Samut Prakan, និង ៦នាក់នៅខេត្ត Sa Kaeo។ ចំណែកអ្នកស្លាប់ប៉ុន្មានផ្សេងទៀត ត្រូវបានរាយការណ៍ នៅខេត្ត Chanthaburi ខេត្ត Ayutthaya និង Saraburi។

សូមជម្រាបថា ខែកញ្ញា គឺជាខែដែលរដូវវស្សាក្នុងប្រទេសថៃ ឈានដល់កម្រិតកំពូល ប៉ុន្តែប្រជាពលរដ្ឋថៃភាគច្រើននៅទីក្រុងបាងកក បាននិយាយថា ទឹកជំនន់ក្នុងឆ្នាំនេះ ហាក់ដូចជាធ្ងន់ធ្ងរខ្លាំងជាងឆ្នាំមុនៗ។ យោងតាមការព្យាករពីសំណាក់អ្នកជំនាញសេដ្ឋកិច្ចថៃផ្ទាល់ ការខូចខាតសេដ្ឋកិច្ចបង្កឡើងដោយគ្រោះទឹកជំនន់នៅទូទាំងប្រទេសថៃ អាចមានទំហំចន្លោះពីជាង៣០០លានដុល្លារ ដល់ជាង ៧០០លានដុល្លារ ក្នុងនោះទីក្រុងបាងកករងការខាតបង់ធ្ងន់ជាងគេ៕



 

Powered by Blogger.