ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨១ នៅទីក្រុងញូវយ៉ក
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨១ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។ នេះបើតាមការប្រកាសរបសក្រសួងការបរទេស។
កិច្ចប្រជុំនេះ
នឹងធ្វើឡើងនៅទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
ក្រោមមូលបទ «ការស្តារទំនុកចិត្តឡើងវិញ
ការគ្រប់គ្រងការធ្វើបរិវត្តកម្ម៖
អង្គការសហប្រជាជាតិដែលផ្តល់ផលប្រយោជន៍សម្រាប់ទាំងអស់គ្នា»។
ក្នុងអំឡុងកិច្ចពិភាក្សាទូទៅ ឧបនាយករដ្ឋមន្ត្រី
ប្រាក់ សុខុននឹងថ្លែងការណ៍ដោយគូសបញ្ជាក់ពីទស្សនៈរបស់កម្ពុជា ចំពោះបញ្ហាសំខាន់ៗក្នុងតំបន់
និងសកលលោក។ ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្តី ប្រមុខការទតកម្ពុជា
ក៏នឹងសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវពហុភាគីនិយម
និងភាពចាំបាច់ក្នុងការពង្រឹងបន្ថែមនូវតួនាទី
និងប្រសិទ្ធភាពរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ
ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដ៏ស្មុគស្មាញ
និងការវិវត្តជាបន្តបន្ទាប់ដែលសហគមន៍អន្តរជាតិកំពុងជួបប្រទះ។
ប្រមុខការទូតកម្ពុជា ក៏នឹងលើកឡើងអំពីអាទិភាព
និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កម្ពុជា
ព្រមទាំងការប្តេជ្ញាចិត្តក្នុងការបន្តជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។
ក្រៅពីកិច្ចពិភាក្សាទូទៅ លោកក៏គ្រោងនឹងមានជំនួបពិភាក្សាទ្វេភាគីនានា
ដើម្បីផ្លាស់ប្តូរទស្សនៈលើការពង្រឹងទំនាក់ទំនងទ្វេភាគី
និងការបង្កើនការចូលរួមចំណែករបស់កម្ពុជា ក្នុងការរក្សាសន្តិភាព សន្តិសុខ
និងការអភិវឌ្ឍប្រកបដោយចីរភាពនៅលើឆាកអន្តរជាតិផងដែរ៕



Post a Comment