កម្លាំងនគរបាលនាយកដ្ឋានការពារព្រំដែនទឹក បើកប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន និងជួញដូរអាវុធខុសច្បាប់នៅម្ដុំកោះឬស្សី ខេត្តព្រះសីហនុ ចាប់ជនជាតិចិន៧នាក់ មធ្យោបាយ និងថ្នាំញៀនជិត១តោន

ព្រះសីហនុ ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង០០:១០នាទី ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានដឹកនាំអនុប្រធាននាយកដ្ឋាន កម្លាំងអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤០ ប្រចាំខេត្តព្រះសីហនុ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ដោយអនុវត្តតាមវិធានការជំនាញជាច្រើនថ្ងៃ រហូតឈានដល់ការកំណត់មុខសញ្ញា និងកំណត់គោលដៅជាក់លាក់ ហើយបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន និងជួញដូរអាវុធខុសច្បាប់នៅម្ដុំកោះឬស្សី ក្នុងភូមិសាស្ត្រដែនសមុទ្រខេត្តព្រះសីហនុ។

ប្រតិបត្តិការនេះបានធ្វើឡើង ក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការណែនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការទទួលទិស ភូមិភាគទី៣ ទី៤ និងទី៥ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត។

របាយការណ៍របស់នាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានសម្ងាត់, កម្លាំងនគរបាលនាយកដ្ឋានការពារព្រំដែន ទឹកដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាន ដោយសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការឃាត់ និងធ្វើការចាប់ឃាត់អូប័រ ០១គ្រឿង និងជនជាតិចិន២នាក់។

បន្ទាប់ពីបង្ក្រាបបាន កម្លាំងនគរបាលបានបន្តប្រតបត្តិការ ហើយឈានដល់ការឃាត់រថយន្តចំនួន ២គ្រឿង និងចាប់ជនជាតិចិន ៥នាក់ទៀត ព្រមទាំងដកហូតម្សៅសថ្លាសង្ស័យជាសារធាតុញៀន សរុបចំនួន ៤២បាវ (ទម្ងន់ប្រមាណ ៨៤០គីឡូក្រាម)។
ក្រៅពីថ្នាំញៀនដ៏ច្រើននេះ កម្លាំងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានដកហូតម៉ូតូ ចំនួន៣គ្រឿង, អាវុធវែង ចំនួន ១០ដើម, អាវុធខ្លី ចំនួន ៣៩ដើម (បង់ចំនួន១០៨បង់ គ្រាប់ ចំនួន៧,៩៣៧គ្រាប់ ស៊ីឡាំងសឺ០៨)។

បច្ចុប្បន្នមនុស្ស និងវត្ថុតាងខាងលើ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីអនុវត្តនីតិវិធីបន្ត៕















Powered by Blogger.