ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ភ្នំពេញ៖ ពីប្រទេសដែលបានប្រយុទ្ធប្រឆាំង និងបង្ក្រាបដ៏ខ្លាំងក្លាលើជម្រកបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬហៅស្កេម ដែលជាបញ្ហាស្មុគស្មាញមួយរបស់ពិភពលោកនោះ កម្ពុជា ទទួលបានសេចក្តីទុកចិត្តផ្តល់តួនាទីឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
សន្និសីទកម្រិតអន្តរជាតិមួយនេះធ្វើឡើងរយៈពេលពីរថ្ងៃ
ចាប់ផ្តើមនៅថ្ងៃទី២៣ ហើយបិទបញ្ចប់នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។
សន្និសីទនេះធ្វើឡើងក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់
និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាស្កែមអនឡាញ» ដែលឆ្លុះបញ្ចាំងឱ្យឃើញនូវការប្តេជ្ញាចិត្តខ្ពស់របស់ពិភពលោកក្នុងការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ពិធីបើកសន្និសីទដ៏មានសារៈសំខាន់នាព្រឹកថ្ងៃទី២៣
ខែកញ្ញា ឆ្នាំ២០២៦នេះ
ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាមេដឹកនាំមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបោសសំអាត
និងឈានទៅកម្ទេចឱ្យអស់ទាំងស្រុងនូវសកម្មភាពបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីលើទឹកដីកម្ពុជា។
សន្និសីទនេះ
ក៏មានការអញ្ជើញចូលរួមពីគណៈប្រតិភូ
រួមមានថ្នាក់ដឹកនាំកម្រិតរដ្ឋមន្ត្រីមកពី១៦ប្រទេស
និងមន្ត្រីបច្ចេកទេសមកពី ១៤ប្រទេសបន្ថែមទៀត
ព្រមទាំងតំណាងពីអង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (Interpol)
និងការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀន
និងឧក្រិដ្ឋកម្ម (UNODC)។
ប្រទេសដែលចូលរួមមានកម្ពុជាជាម្ចាស់ផ្ទះ ចិន សហរដ្ឋអាមេរិក
ដែលមានការចូលរួមពី FBI មួយផ្នែក និងចក្រភពអង់គ្លេស
ព្រមទាំងគណៈប្រតិភូមកពីបណ្តាប្រទេសនៅទូទាំងអាស៊ី។
បន្ទាប់ពីពិធីបើកនាព្រឹកថ្ងៃនេះ
សន្និសីទរយៈពេលពីរថ្ងៃនេះ នឹងមានវេទិកាជជែកពិភាក្សាសំខាន់ៗអមមួយចំនួនទៀតរួមមាន៖
ការជជែកលើការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាបញ្ហាបន្ទាន់ក្នុងសាកលលោក, ការឆ្លើយតបក្នុងតំបន់ និងសាកលលោក ចំពោះការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា,
បច្ចេកវិទ្យា ការបង្ការ និងភាពធន់ប្រព័ន្ធសាយប័រ និង
កិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៖
វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅខាងមុខ៕

Post a Comment