កម្ពុជា អំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ តាមគោលការណ៍ បង្ការ-ផ្ទៀងផ្ទាត់-សហការ ដើម្បីលើកកម្ពស់សុចរិតភាពព័ត៌មាន
ភ្នំពេញ ៖ កម្ពុជា អំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ តាមគោលការណ៍ «បង្ការ-ផ្ទៀងផ្ទាត់-សហការ» ដើម្បីលើកកម្ពស់សុចរិតភាពព័ត៌មានក្នុងតំបន់មេគង្គ-ឡានឆាង។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ថា ក្រសួងព័ត៌មានកម្ពុជា បានរៀបចំ វេទិកាសារព័ត៌មាន និងកម្មវិធីប្រកួតប្រជែងពានរង្វាន់អ្នកផលិតមាតិកាប្រយុទ្ធប្រឆាំងព័ត៌មាន ក្លែងក្លាយ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់ សុចរិតភាពព័ត៌មានក្នុងតំបន់មេគង្គ-ឡានឆាង» ដោយមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល អ្នកសារព័ត៌មាន អ្នកជំនាញ អ្នកផលិតមាតិកា យុវជន និងដៃគូពាក់ព័ន្ធមកពីបណ្តាប្រទេសមេគង្គ-ឡានឆាង ចំនួន ប្រមាណ៣០០នាក់។វេទិកានេះមានគោលបំណងបន្តពង្រឹងការផ្លាស់ប្តូរបទពិសោធន៍ និងស្វែងរកវិធានការជាក់ស្តែង ក្នុងការឆ្លើយតបនិងទប់ស្កាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានភាន់ច្រលំ និងព័ត៌មានក្លែងបន្លំ ដែលកំពុង រីករាលដាលកាន់តែឆាប់ រហ័ស ក្នុងបរិបទឌីជីថល និងបញ្ញាសិប្បនិម្មិត។
ថ្លែងក្នុងពិធីបើកវេទិកានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការក្នុងតំបន់កាន់តែរឹងមាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងរក្សាភាពត្រឹមត្រូវនៃព័ត៌មាននៅក្នុងតំបន់មេគង្គ-ឡានឆាង ដោយគូសបញ្ជាក់ថា ការឆ្លើយតបទៅ នឹងព័ត៌មានមិនពិត មិនអាចផ្តោតត្រឹមតែការកែ តម្រូវក្រោយពេលព័ត៌មាននោះបានរីករាលដាលរួចហើយ នោះទេ ប៉ុន្តែត្រូវកសាងប្រព័ន្ធព័ត៌មានដែលមានភាពរឹងមាំ និងភាពធន់តាំងពីដើម៕




Post a Comment