កម្ពុជា តវ៉ាយ៉ាងខ្លាំងបន្ថែមទៀត ចំពោះភាគីថៃ ប្រើគ្រឿងឈូសឆាយដី និងជីកប្រឡាយ នៅតំបន់តាទុំ ស្រុកអន្លង់វែង
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការយ៉ាងខ្លាំងបន្ថែមទៀត ចំពោះការបន្តរំលោភបំពានជា បន្តបន្ទាប់របស់ថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា តាមបណ្តោយព្រំដែន។
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានប្រើគ្រឿងចក្រធុនធ្ងន់ឈូសឆាយដី និងជីកប្រឡាយ នៅក្បែរបង្គោលព្រំដែនលេខ៩ នៃតំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសកម្ពុជា នាថ្ងៃទី១៧ កញ្ញា នេះ ថា រាជរដ្ឋាភិបាលកម្ពុជាតវ៉ាយ៉ាងខ្លាំងប្រឆាំង នឹងសកម្មភាពខាងលើ ដែលជាការបំពានយ៉ាងច្បាស់លើ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមា ដោយផែនទីខ្នាត ១:២០០.០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម អនុលោមតាមអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ។
សកម្មភាពទាំងនេះ ក៏រំលោភផងដែរលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នារវាងរាជ រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និង ខណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និងសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាព ប្រគល់ជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីបន្តការងារវាស់ វែង និងបោះបង្គោលព្រំដែនឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀង ដែលមានស្រាប់រវាងកម្ពុជា និងថៃ៕





Post a Comment