អ៊ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញកាន់តែឈឺចាប់

ឌូបៃ៖ ប្រទេសអ៊ីរ៉ង់បានប្តេជ្ញាដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលបណ្តាលមកពីទណ្ឌកម្មអាមេរិក ខណៈមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ថា ខ្លួននឹងវាយបកវិញកាន់តែឈឺចាប់ ប្រសិនបើរងការវាយប្រហារបន្ថែមទៀត។

ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីកងទ័ពអាមេរិកបានវាយប្រហារលើនាវាដឹកប្រេងរបស់អ៊ីរ៉ង់ចំនួន ៣គ្រឿង ដើម្បីសងសឹកនឹងការដែលកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានបាញ់មីស៊ីលផ្លោងសំដៅលើនាវាចម្បាំងអាមេរិកចំនួន ២គ្រឿង កាលពីចុងសប្តាហ៍កន្លងទៅ។

ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកគួរតែដឹងថា «ច្បាប់នៃការប្រយុទ្ធបានផ្លាស់ប្តូរហើយ មុនពេលដែលវាយឺតពេល»។ លោកបានសង្កត់ធ្ងន់ដូច្នេះថា «ចាប់ពីពេលនេះតទៅ រាល់ការវាយប្រហារលើផលប្រយោជន៍ និងសន្តិសុខរបស់អ៊ីរ៉ង់ នឹងត្រូវរងការវាយបកវិញកាន់តែលឿន កាន់តែធ្ងន់ធ្ងរ និងកាន់តែឈឺចាប់បំផុត»។

សូមជម្រាបថា បន្ទាប់ពីសង្គ្រាមបានអូសបន្លាយអស់រយៈពេល ៦ខែមកនេះ ជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់ នៅតែបន្តស្ថិតក្នុងភាពទាល់ច្រក ខណៈកិច្ចចរចាសន្តិភាពមិនទាន់មានលទ្ធផលជាក់ស្តែង ហើយអ៊ីរ៉ង់នៅតែបន្តបិទខ្ទប់ការដឹកជញ្ជូនប្រេងតាមច្រកសមុទ្រ Hormuz ដដែល៕



 

Powered by Blogger.